ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រី អញ្ជើញដឹកនាំ កិច្ចប្រជុំសាមញ្ញ លើកទី២ របស់ក្រុមប្រឹក្សា សកម្មភាពជនពិការ
រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៣ នៅទីស្តីការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ិត សំហេង និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ ហៅកាត់ថា ក.ស.ជ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ ក.ស.ជ ដើម្បីបូកសរុប ការងារឆ្នាំ ២០១២ និងទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០១៣ និងផែនការរយៈពេល ៥ឆ្នាំ (២០១៤-២០១៨) និងដោយមានការ អញ្ជើញចូលរួមពីតំណាងអង្គការដៃគូពាក់ព័ន្ធនានាមួយចំនួនផងដែរ។
លោក ឯម ច័ន្ទមករា លេខាធិការ នៃលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានមានប្រសាសន៍ថា លេខាធិការដ្ឋានបាន អនុវត្តការងារសំខាន់ៗ ជាច្រើនរបស់ខ្លួនក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិជនពិការឲ្យបានពេញលេញក្នុងសេចក្តីថ្លៃថ្នូរ និងសេរីភាព និងដើម្បីធ្វើ យ៉ាងណាឲ្យជនពិការកម្ពុជា រស់នៅដោយសុភមង្គល និងវិបុលភាព។ លោក ឯម ច័ន្ទមករា បានបន្តទៀតថា ផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០១៤-២០១៨) របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ) គឺត្រូវបានរៀបចំឡើងដោយអនុលោមតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ២ របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឲ្យបាននូវភារកិច្ចរបស់ ក.ស.ជ ទាំង ៦ចំណុច ដែលមានចែងនៅក្នុងច្បាប់ស្តីពីកិច្ចការពារ និងលើក កម្ពស់សិទ្ធិ ជនពិការក្នុងគោលបំណងឆ្លើយតបទៅនឹងសកម្មភាពជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះជនពិការគ្រប់ប្រភេទ និងធានាថាពួកគេទទួលបាននូវសិទ្ធិជាមូលដ្ឋាន និងការវិនិយោគសមស្រប ជាធនធានមនុស្សសម្រាប់កសាងប្រទេសជាតិទៅអនាគត ។
ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃលេខាធិការដ្ឋាន ក.ស.ជ ដែលបានខិតខំបំពេញភារកិច្ចជាច្រើន ដើម្បីរួមចំណែក ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងបុព្វហេតុលើកស្ទួយផលប្រយោជន៍ បងប្អូនជនពិការកម្ពុជារបស់យើងក៏ដូចជាការចូលរួមអនុវត្ត ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងបានខិតខំអនុវត្តការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងទទួលបានលទ្ធផល គួរជាទីមោទនៈ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាសកម្មភាពជនពិការ គឺជាយន្តការសម្របសម្រួលថ្នាក់ជាតិ ពិគ្រោះយោបល់លើបញ្ហាពិការភាព និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទង នឹងវិស័យពិការភាពហើយការរៀបចំផែនការ យុទ្ធសាស្ត្រនេះឡើង គឺបន្ទាប់ពីមានកិច្ចពិគ្រោះយោបល់ជាច្រើនដំណាក់កាលជាមួយថ្នាក់ដឹកនាំ ក.ស.ជ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរបស់ លេខាធិការដ្ឋាន ក.ស.ជ ព្រមទាំងអង្គការដៃគូអភិវឌ្ឍ មួយចំនួនផងដែរ។ ឯកឧត្តមបណ្ឌិត អិុត សំហេង បានបន្តទៀតថា ផែនការយុទ្ធសាស្ត្រនេះ បង្ហាញយ៉ាងច្បាស់អំពីការរួមចំណែកយ៉ាងសំខាន់នៅក្នុងការផ្តល់យោបល់ និងសកម្មភាពទ្រទ្រង់នានាចំពោះក្រសួងពាក់ព័ន្ធនៅក្នុងការផ្តល់ការ ពិគ្រោះយោបល់ជំនាញការជួយរៀបចំកែសម្រួលគោលនយោបាយ ច្បាប់ និងការតាមដាន វាយតម្លៃលើការអនុវត្ត គោលនយោបាយ ផែនការជាតិ ច្បាប់ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធនឹងបញ្ហាពិការភាព ចូលរួមធ្វើឲ្យប្រសើរឡើងនូវការអនុវត្តច្បាប់ ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបញ្ហាពិការភាព ការស្តារលទ្ធភាពពលកម្ម និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ។
លោកបានបន្តទៀតថា កម្ពុជាបានចូលរួមអនុម័ត លើយុទ្ធសាស្ត្រ អ៊ីនឈាន់ ក្រោមទិសស្លោក “ធ្វើឲ្យសិទ្ធិក្លាយ ជាការពិត សម្រាប់ជនពិការ” ដែលយុទ្ធសាស្ត្រនេះ គឺជាការអនុវត្តនូវផែនការយុទ្ធសាស្ត្រទស្សវត្សរ៍ថ្មី របស់ជនពិការ ឆ្នាំ២០១៣ ដល់ឆ្នាំ ២០២២ ក្នុងគោលបំណងបំពេញ បន្ថែមនៃការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ក្របខណ្ឌសកម្មភាព BIWAKO និង BIWAKO បូក ៥ ឆ្ពោះទៅរកការដាក់បញ្ចូលជនពិការ ក្នុងផែនការអភិវឌ្ឍដោយគ្មានឧបសគ្គ និងការគោរពសិទ្ធិជាមូលដ្ឋាននៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ គួរបញ្ជាក់ផងដែរ ឆ្លងតាមរយៈការពិភាក្សាយ៉ាងផុលផុសអង្គប្រជុំបានសម្រេច ឯកភាពនូវចំណុចចំនួន ៤ រួមមាន៖
១. ការពង្រីកពីលេខាធិការដ្ឋាន ទៅជាអគ្គលេខាធិការដ្ឋាន ២. បង្កើតក្រុមការងារពិការភាពនៅតាមក្រសួង ស្ថាប័ន ៣. ឯកភាពឲ្យ មានការផ្លាស់ប្តូរស្លាកសញ្ញា និងត្រារបស់លេខាធិការដ្ឋាន និង ៤. បានឯកភាពទាំងស្រុងលើរបាយការណ៍ស្តីពី ការបូកសរុបការងារ ឆ្នាំ២០១២ និងទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ ២០១៣ និងផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០១៤-២០១៨) ៕