ពិធី សម្ពោធប្រើជាផ្លូវការនូវគោលការណ៍ណែនាំ ស្តីពីអង្គការជនពិការ និង កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំ របស់អង្គការជនពិការកម្ពុជា
ឯកឧត្តម ឯម ច័ន្ទមករា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងគូសបញ្ជាក់ និងបង្ហាញពីសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននាពេលកន្លងមក ជួយឲ្យជនពិការ អាចរស់នៅក្នុងស្ថានភាព កាន់តែល្អប្រសើរ។
ការថ្លែងបង្ហាញពីកិច្ចខិតខំ និងសមិទ្ធផល ដែលសម្រេចបានជាគុណប្រយោជន៍ សម្រាប់ជនពិការ របស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងក្នុងឱកាស ដែលរូបលោកអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើជាផ្លូវការនូវ «គោលការណ៍ណែនាំស្តីពី អង្គការជនពិការ» និង «កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំ» របស់អង្គការជនពិការកម្ពុជា សណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ។
ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ សម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងវិស័យពិការភាព សំដៅឲ្យជនពិការ និង ក្រុមគ្រួសារ មានគុណភាពជីវិតល្អប្រសើរ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើរភាពគ្នាក្នុង សង្គម ដែលមានការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការដាក់បញ្ចូល បញ្ហាពិការភាព ក្នុងគ្រប់វិស័យតាមរយៈ ជំរុញការចូលរួមពីស្ថាប័នរដ្ឋ វិស័យ ឯកជន សង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ ជនពិការកម្ពុជាគ្រប់រូប។
លោកអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពវ័យក្មេងរូបនេះ ក៏បានលើកឡើងផងដែរថា សុខុមាលភាពរបស់ជនពិការ ក៏ត្រូវបានយកចិត្តទុក ដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាព នៃការអភិវឌ្ឍន៍រីកចម្រើនរបស់ ប្រទេសជាតិ។ ជនពិការ ត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើសឲ្យចូល បម្រើការងារនៅតាមក្រសួង ស្ថាប័ន ដោយគិតក្នុងពាក់កណ្តាលឆ្នាំ២០១៤ គឺមានជនពិការចូលបម្រើការងារសរុបចំនួន១,៩៩៩នាក់ ក្នុងនោះពិការកម្រិត ធ្ងន់មានចំនួន ៤៦១នាក់ ដែលក្នុងម្នាក់ៗគិតស្មើនឹង ២នាក់ មានចំនួនសរុប ២,៤៦០នាក់ ស្មើនឹង ១.២៦ភាគរយ ដែលត្រូវជ្រើសរើសនៅឆ្នាំ២០១៥ ឲ្យគ្រប់តាមអត្រាកំណត់២ភាគរយ។
ក្រៅពីនេះ រាជរដ្ឋាភិបាលបានផ្ដល់កម្មសិទ្ធិដីធ្លីនិងបានកសាង លំនៅដ្ឋានជូនជនពិការ តាកែនកោះស្លា តំបន់អភិវឌ្ឍជនពិការ៣១៧ នៅស្រុក គូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ។ យើងក៏បាន ផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅសហគមន៍ ដើម្បីចូលរួមចំណែក ជួយដល់ជនពិការក្រីក្រ លើកកម្ពស់ជីវភាព ការអប់រំ ការព្យាបាល ការស្តារលទ្ធភាព ពលកម្មកាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈនិងមុខរបរ ជាពិសេស សម្រាប់ជនពិការគថ្លង់ និងជនពិការភ្នែកផងដែរ។ ជាក់ស្តែងយើងបានរៀបចំ បង្កើតឲ្យមានអក្សរស្ទាប និងភាសាសញ្ញា សម្រាប់ជនពិការភ្នែក និងមនុស្ស គថ្លង់ និងបានដាក់បញ្ចូលទៅ ក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំបញ្ចូលទៅក្នុង ព័ត៌មានវិទ្យា និងតាមស្ថានីយ៍ទូរទស្សន៍នានា ដើម្បីផ្តល់ឱកាសឲ្យជនពិការ ទទួលបានព័ត៌មាន យ៉ាងទូលំទូលាយ។
ជាមួយគ្នានេះ កុមារពិការក៏ទទួលបានឱកាសសម្រាប់ការអប់រំ នៅតាមសាលារៀនសាធារណៈ ដោយមិនមានការរើសអើង។ អគារសិក្សា មួយចំនួនបានរៀបចំឲ្យ មានជម្រាលសម្រាប់សិស្សពិការ ហើយមជ្ឈមណ្ឌល និងសាលាសម្រាប់កុមារពិការភ្នែក និងគ-ថ្លង់ ក៏ទទួលបាននូវតម្រូវការខាង ជីវភាពរស់នៅ ដើម្បីផ្តល់ជូនដល់កុមារគ-ថ្លង់ នូវឱកាសសិក្សាអប់រំរហូតដល់ កម្រិតឧត្តមសិក្សា។ យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅប្រកួតប្រជែង ជាសាកលជាមួយ យុវជនពិការថ្នាក់តំបន់ និងថ្នាក់ពិភពលោក។ បច្ចុប្បន្ននេះ ជនពិការមួយចំនួនក្លាយជាបុគ្គលិក ប្រកបដោយសមត្ថភាពទៀតផង។
ឯកឧត្តម ឯម ច័ន្ទមករា បានបង្ហាញជំនឿជាក់របស់ខ្លួនថា ការដាក់ឲ្យប្រើជាផ្លូវការនូវ «គោលការណ៍ណែនាំស្តីពី អង្គការជនពិការ» និង «កិច្ចប្រជុំបណ្តាញប្រចាំឆ្នាំ» នឹងផ្តល់នូវផ្លែផ្កាច្រើន ដល់ជនជនពិការ ពិសេសការចូលរួមចំណែកសំខាន់ ដល់ការបង្កើនស្មារតី យកចិត្តទុកដាក់គិតគូរ អំពីបញ្ហាពិការភាព ការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដើម្បីឈានទៅសម្រេចឲ្យ ខាងតែបានដូចទិសស្លោក ធ្វើឲ្យសិទ្ធិក្លាយជាការពិត៕