ជនពិការពិបាក ទំនាក់ទំនង និងពិបាកនិយាយ ៦០ម៉ឺននាក់ ជួបផលលំបាកក្នុងសង្គម ព្រោះកម្រិតនៃការអប់រំ
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើការគូសបញ្ជាក់ថា ជនពិការ នៅកម្ពុជា ដែលពិការទំនាក់ទំនង ឬពិបាកនិយាយមានរហូតប្រមាណ ៦០ម៉ឺននាក់ ហើយពួកគេកំពុងប្រឈម ភាពក្រីក្រ និងការលំបាកក្នុងការរួមចំណែកជួយដល់សង្គម ព្រោះតែការបណ្តុះបណ្តាល និងប្រព័ន្ធអប់រំសម្រាប់ ពួកគេនៅមានកម្រិត។
ថ្លែងនៅក្នុងឱកាសប្រារព្ធទិវាមនុស្សគ-ថ្លង់អន្តរជាតិ ឆ្នាំ២០១៥ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិភាសាសញ្ញា គឺកុមារ គថ្លង់អាចធ្វើអ្វីៗបាន» នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥នេះ ឯកឧត្តម ឯម ច័ន្ទមករា ដោយផ្អែកលើ របាយការណ៍ជំរឿនទូទៅពាក់កណ្តាលអង្កេតនូវប្រជារាស្រ្តឆ្នាំ២០១៣ បានឲ្យដឹងថា នៅកម្ពុជា មានជនពិការ ជាង ៣០ម៉ឺននាក់។ ក្នុងនោះអត្រាមនុស្សគ-ថ្លង់ មានចំនួន១៤.៤២ភាគរយ ស្មើនឹងចំនួន ៤៣,៤៩៧នាក់ មនុស្សគ មានចំនួន៥.៣៨% និងមនុស្សមានបញ្ហាស្តាប់មានចំនួន ៩.០៤%។
លោកបានបញ្ជាក់ទៀតថា មនុស្សគ-ថ្លង់ បាននិងកំពុងជួបប្រទះបញ្ហាលំបាកជាច្រើនដូចជា ការលំបាកក្នុងការ និយាយ លំបាកក្នុងការស្តាប់ រស់នៅក្នុងភាពឯកកោដាច់ដោយឡែកពីមនុស្សទូទៅ លំបាកក្នុងការទំនាក់ទំនង រវាងមនុស្ស និងមនុស្សនៅក្នុងសង្គម លំបាកក្នុងការរកការងារធ្វើ និងរស់នៅក្នុងភាពក្រីក្រគ្មានទីពឹង ហើយ ទទួលរងនូវការរើសអើងគ្រប់ប្រភេទ ពុំមានឱកាសចូលរួមគ្រប់សកម្មភាពផ្សេងៗក្នុងសង្គមឡើយ ដែលជាហេតុ ធ្វើឲ្យបងប្អូនមនុស្សគ-ថ្លង់ អស់សង្ឃឹមក្នុងជីវិត និងមានការតូចចិត្តនឹងវាសនារបស់ខ្លួនផងដែរ។
ការប៉ាន់ប្រមាណបានឲ្យដឹងថា កម្ពុជា មានជនពិការ ដែលពិបាកក្នុងការទំនាក់ទំនងឬ បញ្ហាពិបាកនិយាយ រហូត ទៅដល់ចំនួន ៦០០.០០០នាក់ ដែលតម្រូវឱ្យមានការផ្តល់សេវា ការព្យាបាលដោយយកចិត្តទុកដាក់។
បើតាមឯកឧត្តម ឯម ច័ន្ទមករា បច្ចុប្បន្នកម្ពុជា មានសាកលវិទ្យាល័យតែមួយគត់ ដែលធ្វើការបណ្តុះបណ្តាលលើ ជំនាញព្យាបាលការពិបាកនិយាយ ឯការផ្តល់សេវាថែទាំ ក៏នៅមានកម្រិត ដែលវាបានក្លាយជាបញ្ហា ធ្វើឲ្យជន ពិការកម្ពុជាប្រឈមមុខនិងភាពក្រីក្រ និងលំបាកក្នុងការរួមចំណែកជួយដល់សង្គម។
ទោះបីជាយ៉ាងណា ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការរំពឹងទុកថា តាមរយៈការដឹកនាំឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ កុមារពិការគ-ថ្លង់ រាជរដ្ឋាភិបាលនឹងបន្តឆន្ទៈជំរុញឲ្យមានសេវាភាសាសញ្ញា និងអក្សរស្ទាបនៅតាមបណ្តាសាលារដ្ឋ ឲ្យកាន់តែ មានកម្រិតខ្ពស់ឡើង។ បង្កើតមជ្ឈមណ្ឌលសម្រាប់ជនពិការនិងកុមារពិការភ្នែកគ-ថ្លង់ បង្កើតថ្នាក់រៀនពិសេស សម្រាប់កុមារ គ-ថ្លង់។
ជាពិសេស នឹងជំរុញការធ្វើសមាហរណកម្មនូវការសិក្សារបស់ជនពិការភ្នែកនិងគ-ថ្លង់ តាមសាលាសាធារណៈ ក៏ជាជំរុញឲ្យមានការបង្កើតកម្មវិធីបកប្រែភាសាសញ្ញា សម្រាប់ព័ត៌មានប្រចាំថ្ងៃ នៅតាមបណ្តាស្ថានីយ៍ទូរទស្សន៍ ព្រមទាំងការយកចិត្តទុកដាក់បន្ថែមលើការយកបណ្តុះបណ្តាលលើជំនាញព្យាបាលការពិបាកនិយាយ។ល។
ក្នុងឱកាសប្រារព្ធទិវាមនុស្សគ-ថ្លង់អន្តរជាតិ ឆ្នាំ២០១៥ នាព្រឹកមិញនេះ ឯកឧត្តម វង សូត ក៏បានថ្លែងទទូចឲ្យដៃគូ អភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំង វិស័យឯកជនផងដែរ បន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើជនពិការ ក៏ដូចជាការងារពិការភាព ធ្វើយ៉ាងណាឲ្យជនពិការអាចរស់នៅក្នុងសង្គមមួយដោយស្មើភាព និងមានជីវភាពល្អ ប្រសើរ ឆ្ពោះទៅរកសង្គមមួយសម្រាប់ទាំងអស់គ្នា និងធ្វើឲ្យសិទ្ធិក្លាយជាការពិត៕









ភាសាខ្មែរ
English



