Bassaka Air ទទួលស្គាល់ថា បានយកប្រាក់ ២៤០ដុល្លារ ពីស្រ្តីជនពិការស៊ូដង់ តែសម្រាប់បង់ជូន ក្រុមហ៊ុន CAMS
ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air បានចេញមក ទទួលស្គាល់ថា ខ្លួនបានទារថ្លៃសេវាលើកដាក់ស្រ្តី ពិការជើងជនជាតិស៊ូដង់ចំនួន ២៤០ដុល្លារពិតប្រាកដមែន តែថវិកានោះ គឺយកទៅបង់ជូនក្រុមហ៊ុន CAMS តែ ប៉ុណ្ណោះ។
ការចេញមកប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើ ឡើង បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍របស់ចិនមួយនេះ បានទទួលការរិះគន់យ៉ាងចាស់ដៃពីក្រុមជនពិការថា បាន រើសអើងលើជនពិការ បន្ទាប់ពីបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានព្យាយាមទារលុយ ២៤០ដុល្លារ បន្ថែមលើថ្លៃសំបុត្រ ៤៥ដុល្លារ ពីស្រ្តីជនពិការជនជាតិស៊ូដង់ម្នាក់ សម្រាប់សេវាលើកដាក់លើយន្តហោះ ហោះពី ខេត្តសៀមរាប ឆ្ពោះមករាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញាកន្លងទៅនេះ។ ទង្វើនេះត្រូវបានក្រុមជន ពិការអះអាងថា ធ្វើផ្ទុយពីច្បាប់ស្តីពីសិទ្ធិរបស់ជនពិការ ក៏ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជន ពិការ ដែលកម្ពុជា គឺជាហត្ថលេខីមួយដែរនោះ ដោយបានចែងយ៉ាងច្បាស់ថា ជនពិការមានសិទ្ធិស្មើគ្នា ក្នុងការ ទទួលសេវាសាធារណៈបូករួមទាំងការដឹកជញ្ជូនផងដែរ។
យោងតាមលិខិតបំភ្លឺរបស់ក្រុមហ៊ុនអាកាសចរណ៍ Bassaka Air បានទទួលស្គាល់ថា ខ្លួនពិតបានទារប្រាក់ ២៤០ដុល្លារបន្ថែមលើថ្លៃសំបុត្រ ៤៥ដុល្លារ ពីលោកស្រី Rahma មែន តែលុយនេះសម្រាប់បង់ថ្លៃសេវាបន្ថែម លើការប្រើប្រាស់គ្រឿងបរិក្ខារ Ambulift (ដើម្បីអាចធ្វើដំណើរឡើងលើជើងយន្តហោះ) ដោយ ១២០ដុល្លារ សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាប និង ១២០ដុល្លារទៀត សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រាក់សេវានេះ គឺសម្រាប់បង់ជូនឲ្យក្រុមហ៊ុន Cambodia Airport Management Service Ltd.(CAMS)។
ក្រុមហ៊ុន បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានថ្លៃបង់សេវាហើយ ជើងយន្តហោះ បានហោះចេញពីខេត្តសៀម មកកាន់រាជធានីភ្នំពេញ ដូចការកំណត់។ ក្រុមហ៊ុនមិនទទួលខុសត្រូវលើការខកខាន នៃការចូលរួមកិច្ចប្រជុំរបស់ លោកស្រី Rahma Elsiddig Gasm នោះឡើយ។
ពាក់ព័ន្ធបញ្ហា ដែលនាំឲ្យមានការប្រតិកម្មយ៉ាងខ្លាំងពីក្រុមជនពិការថា ជាការរើសអើងលើជនពិការនេះ អគ្គលេខា ធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងឲ្យុដឹងថា ក្រុមប្រឹក្សាសកម្មភាពជនពិការ មិន បានព្រងើយកន្តើយទៅលើករណីនេះឡើយ ពោលបន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ឯកឧត្តម វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ចែង និងឲ្យទាក់ទងភ្លាមៗទៅកាន់ក្រុមហ៊ុនអាកាស ចរណ៍ Bassakar Air ដើម្បីស្វែងរកការពិតយ៉ាងណានោះ។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីទាមទារលុយពីជនពិការបែបនេះ ឯកឧត្តម វង សូត្រ រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច បានបញ្ជាឲ្យអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ តាមដានពិនិត្យរឿងនេះដើម្បី ការពារសិទ្ធិជនពិការ។
លោក ស្រី វណ្ណថុន នាយកប្រចាំប្រទេស នៃអង្គការ អេឌីឌី អន្តរជាតិ ដែលជាអង្គការ ដ៏ធំមួយ បានជួយជ្រោម ជ្រែង និងទ្រទ្រង់ខ្ពស់ដល់សុខុមាលភាព ក៏ដូចជាផ្តល់ជំនួយផ្សេងៗ សម្រាប់ជនពិការកម្ពុជា បានថ្លែងរៀបរាប់ជុំ វិញរឿងនេះថា កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា កន្លងទៅ លោកស្រី Rahma Elsiddig Gasm ជនពិការជនជាតិ ស៊ូដង់ មានសំបុត្រយន្តហោះលេខ booking: A03Q9P, Agency code: BKKITBN ដើម្បីហោះមកកាន់រាជធានី ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំមួយស្តីការងារពិការភាពនៅក្នុងខេត្តកំពង់ស្ពឺ។ តែជាការសោកស្តាយ នៅពេលមក ដល់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រង់ចំណុចចុះឈ្មោះ (Check-in) ត្រូវបានរារាំងដោយបុគ្គលិក នៃអាកាសចរ Bassaka Air ដោយបង្ខំឲ្យអ្នកដំណើររូបនេះ បង់ប្រាក់២៤០ដុល្លារ សម្រាប់សេវាលើកដាក់បន្ថែម ពីលើថ្លៃសំបុត្រយន្តហោះ៤៥ដុល្លារ ដែលបានទិញរួចរាល់ហើយនោះ។ ក្រុមបុគ្គលិកអាកាសចរបានអះអាងថា នេះជាគោលការណ៍របស់ក្រុមហ៊ុន។
លោក ស្រី វណ្ណថុន បានបន្តថា ដោយឃើញថា បុគ្គលិកអាកាសចរ «Bassaka Air» អះអាងថា ការទារថ្លៃ សម្រាប់សេវាលើកដាក់នោះ ក្រុមការងារដែលរួមដំណើរ ក៏សូមលើកដាក់ជនពិការដោយខ្លួនឯង មិនបង្ករការ រំខានដល់មន្រ្តីព្រលាន ឬបុគ្គលិកអាកាសចរឡើយ តែបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍នេះ នៅតែមិនព្រម។ ទោះបីមានការពន្យល់ពីច្បាប់ ឬសិទ្ធិរបស់ជនពិការយ៉ាង ច្រើនយ៉ាងណាក្តី ក៏បុគ្គលិកក្រុមបុគ្គលិក អាកាសចរ «Bass aka Air» នៅតែមិនព្រមឲ្យ លោកស្រី Rahma Elsiddig Gasm ឡើងជិះយន្តហោះឡើយ នៅតែរឹងរូស និងទាមទារឲ្យបង់ប្រាក់ ២៤០ដុល្លារ៕


ភាសាខ្មែរ
English



