ក្រុមប្រឹក្សាសកម្មភាព ជនពិការ ជំរុញមន្រ្តីខេត្តកំពង់ធំ យកចិត្តទុកដាក់ខ្ពស់ លើជនពិការ
ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ បានចុះផ្សព្វផ្សាយតួនាទីភារ កិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែនការយុទ្ធសាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅក្នុង សាលាខេត្តកំពង់ធំ។ ការផ្សព្វផ្សាយនេះ ត្រូវបានគេរំពឹងថា ជាការចូលរួមចំណែកថ្មីមួយទៀត ដើម្បីធានាបាននូវ ការលើកកម្ពស់សិទ្ធិរបស់ជនពិការ និងនាំមកនូវឧត្តមប្រយោជន៍ថ្មីៗទៀតសម្រាប់ជនពិការនៅក្នុងខេត្តកំពង់ធំ។
ពិធីផ្សព្វផ្សាយត្រូវបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិ ការ និង ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ ព្រម ទាំងមន្រ្តីមកពីតាមមន្ទីរពាក់ព័ន្ធក្នុងខេត្តជាច្រើនរូបផ្សេងទៀត។
នៅក្នុងពិធីផ្សព្វផ្សាយនាព្រឹកមិញនេះ អគ្គលេខាធិការវ័យក្មេង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជន ពិការ ឯកឧត្តម ឯម ច័ន្ទមករា បានស្នើឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ ផ្តល់ការពិគ្រោះយោបល់ សម្រាប់ជនពិការ ពេលមានបញ្ហា។ លោក ក៏បានជំរុញឲ្យយកចិត្តទុកដាក់លើស្ត្រីពិការ ដែលមានផ្ទៃពោះ ឆ្លង ទន្លេ និងសម្រួលមិនគិតថ្លៃសេវានៅតាមមន្ទីរពេទ្យរដ្ឋ។
លោក ក៏បានស្នើផ្តល់ឱកាសឲ្យជនពិការ បានចូលរួមសកម្មភាពសង្គមដូចជា វប្បធម៌ សាសនា កីឡា សិល្បៈ ការ សម្រាកលំហែ និង សកម្មភាពផ្សេងៗទៀត។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានស្នើឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តកំពង់ធំ ជួយជំរុញការអនុវត្តលិខិតបទដ្នាន គតិយុត្តិជាតិ និងអន្តរជាតិនានា ព្រមទាំងជួយកសាងផែនការសកម្មភាពទាក់ទងវិស័យពិការភាព មានដូចជា ការ អនុវត្តការផ្តល់របបគោលនយោបាយចំពោះជនពិការក្រីក្រ នៅតាមសហគមន៍ និងការជំរុញអត្រាជនពិការឲ្យចូល បម្រើការងារ នៅតាមគ្រឹះស្ថានសាធារណៈ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្នាន។ល។
យោងតាមជំរឿនទូទៅពាក់កណ្តាលអង្កេតនូវប្រជារាស្រ្តឆ្នាំ២០១៣ របស់ក្រសួងផែនការ បានឲ្យដឹងថា នៅកម្ពុ ជា មានជនពិការប្រមាណជា ៣០ម៉ឺននាក់។
ដើម្បីធានាបាននូវការលើកកម្ពស់សិទ្ធិរបស់ជនពិការ និង លុបបំបាត់ការរើសអើងលើជនពិការ ជាពិសេសធ្វើយ៉ាង ឲ្យជួនពិការអាចទទួលបាននូវផលប្រយោជន៍ដោយសមធម៌ពីការអភិវឌ្ឍ និងភាពរីកចម្រើន នៃសង្គមជាតិនោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាននិងកំពុងបង្កើនសកម្មភាព របស់ខ្លួនជាខ្លាំង តាមរយៈការចុះផ្សព្វផ្សាយពីតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និងផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ដល់មន្រ្តីនៅតាមបណ្តាខេត្ត និងក្រសួងនានា។
ក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះផ្សព្វផ្សាយតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និង ផែនការយុទ្ធ សាស្រ្តស្តីពីពិការភាពឆ្នាំ ២០១៤-២០១៨ ទៅដល់មន្រ្តីរាជការបានចំនួន ៨ខេត្ត រួមមាន៖ ខេត្តកំពង់ធំ ខេត្តកំពង់ ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកំពត ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ។
ក្រសួងចំនួន៨ទៀត ក៏ត្រូវបានផ្សព្វផ្សាយផងដែរ រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួង ផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍៕