អភិបាលខេត្តរតនគិរី ប្តេជ្ញាអនុវត្តការងារជនពិការ ឲ្យសម្រេចបានតាមផែនការ របស់រាជរដ្ឋាភិបាល
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានប្រកាស ប្តេជ្ញាចិត្តរបស់ខ្លួនថា នឹងខិតខំប្រឹងប្រែងឲ្យអស់កម្លាំងកាយចិត្ត ដើម្បីអនុវត្តការងារផែនការ សកម្មភាពជនពិការ ឲ្យសម្រេចបានតាមការដាក់ចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការថ្លែងប្តេជ្ញាសម្រេចឲ្យបានជោគជ័យលើការងារជាប្រយោជន៍ ជូនពិការនៅក្នុងខេត្តភូមិភាគឦសាន នៃប្រទេសកម្ពុជា របស់ឯកឧត្តម ថង សាវុន បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយតួនាទីភារកិច្ចក្រុមប្រឹក្សាសកម្មភាពជនពិការ និង ផែនការយុទ្ធសាស្រ្តស្តីពីពិការភាពឆ្នាំ២០១៤-២០១៨ នៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥នេះ។
ឯកឧត្តម ថង សាវុន បានឲ្យដឹងថា វាជាលើកទី១ ដែលខេត្តរបស់លោក ទទួលបានការផ្សព្វផ្សាយពីលិខិតបទដ្ឋាន គតិយុត្តនានាពាក់ព័ន្ធពិការភាព។ ក្នុងកិច្ចប្រជុំជាលើកទី១នេះ លោកអភិបាលខេត្ត បានបង្ហាញឆន្ទៈយ៉ាងដូច្នេះថា «ខ្ញុំ នឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព និងសមត្ថភាព ដើម្បីធ្វើឲ្យជោគជ័យទៅលើផែនការសកម្មភាពជនពិការ តាមទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា»។
ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្តរតនគិរី ក៏បានប្រកាសឲ្យស្ថាប័ន មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតទៅលើជនពិការ ដូចជាការសាងសង់ផ្លូវជម្រាលនៅតាមកន្លែងផ្តល់សេវាសាធារណៈ និង តាមតំបន់ផ្សេងៗទៀតក្នុងខេត្ត។ លោកអភិបាលខេត្ត ក៏បានស្នើឲ្យរួមគ្នាការពារ និង លើកកម្ពស់សិទ្ធិរបស់ជនពិការ ដោយលុបបំបាត់ឲ្យបានលើការរើសអើងជនពិការ។
ឯកឧត្តម ថង សាវុន បានប្រកាសថា នឹងខិតខំរៀបចំប្រារព្ធទិវាជនពិការឲ្យបានជារៀងរាល់ឆ្នាំ ទៅតាមលទ្ធភាព ដើម្បីលើកកម្ពស់ស្មារតីគោរពសិទ្ធិ និងតម្លៃរបស់ជនពិការ ជាពិសេសជាសារបញ្ជ្រៀបការយល់ដឹងទៅកាន់ប្រជា ពលរដ្ឋឲ្យបញ្ឈប់ការរើសអើងលើជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលបាននិងកំពុងចុះផ្សព្វផ្សាយពីតួនាទីភារ កិច្ចរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ ទៅតាមបណ្តាខេត្ត និងក្រសួងនានានោះ បានសម្តែងនូវក្តីរំភើបរីករាយក្រៃ ចំពោះការបង្ហាញនូវឆន្ទៈ ដ៏មុតមាំរបស់អភិបាលខេត្តរតនគិរី។ លោកអគ្គលេខាធិការរំពឹងថា ការប្តេជ្ញាចិត្តរបស់អភិបាលខេត្តភូមិភាគឦសានរូបនេះ នឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតសម្រាប់ជនពិការកម្ពុជា។
ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា ពិការភាព គឺជាការងារពហុវិស័យ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ ក្រសួង មន្ទីរ និងស្ថាប័នទាំងអស់ ដើម្បីធានាបានថា ជនពិការអាចទទួលបានប្រយោជន៍ពីការអភិវឌ្ឍប្រកបដោយ សមធម៌។
អគ្គលេខាធិការវ័យក្មេងរូបនេះ បានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការជាសេនាធិការ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្តម វង សូត ជាប្រធាន បាននិងកំពុង យកចិត្តទុកដាក់ខ្លាំងទៅលើការងាររបស់ជនពិការ។ លោក ឯម ច័ន្ទមករា រំពឹងថា ក្រសួង មន្ទីរ និង ស្ថាប័ន ទាំងអស់នៅកម្ពុជា នឹងប្តេជ្ញាចិត្តខ្ពស់រួមគ្នាលុបបំបាត់ឲ្យបាននូវឧបស័គ្គសម្រាប់ជនពិការកម្ពុជា។
យោងតាមជំរឿនទូទៅពាក់កណ្តាលអង្កេតនូវប្រជារាស្រ្តឆ្នាំ២០១៣ របស់ក្រសួងផែនការ បានឲ្យដឹងថា នៅកម្ពុ ជា មានជនពិការប្រមាណជា ៣០ម៉ឺននាក់៕