ឯកឧត្តម ឯម ច័ន្ទមករា ស្នើសាលាខេត្តសៀមរាប សង់ជម្រាលសម្រាប់ជនពិការ តាមមន្ទីរស្ថាប័ន និងទីសាធារណៈ
អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ដោយគោរពតាមការចង្អុលបង្ហាញពីឯកឧត្តម វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការនោះ បានស្នើឲ្យសាលាខេត្តសៀមរាប រឹតបន្តឹង និងបង្កើនការសាងសង់ ជម្រាលសម្រាប់ជនពិការ នៅតាមទីសាធារណៈសំខាន់ៗ និងនៅតាមមន្ទីរ ស្ថាប័នរបស់រដ្ឋនានា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ជនពិការ ពេលទៅស្វែងរកសេវាផ្សេងៗ។
សំណើរបស់ឯកឧត្តម ឯម ច័ន្ទមករា បានធ្វើឡើងក្នុងឱកាស អញ្ជើញចូលរួមផ្សព្វផ្សាយ អំពីតួនាទី និងភារកិច្ចរបស់ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ នៅសាលាខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥។ ពិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គឺម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមប្រឹក្សា សកម្មភាពជនពិការ ខេត្តសៀមរាប និង មានការអញ្ជើញចូលរួមពី តំណាងមន្ត្រីរាជការគ្រប់មន្ទីរ ស្ថាប័ន ក្នុងខេត្ត។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ឯម ច័ន្ទមករា បានបានស្នើឲ្យសាលាខេត្តពិនិត្យ រៀបចំជម្រាល នៅតាមចំណតរថយន្ត បន្ទប់អនាម័យ ក៏ដូចជានៅតាមសាលាខេត្តមន្ទីរ ស្ថាប័ននានា ដើម្បីបង្កលក្ខណៈសម្បត្តិងាយស្រួល សម្រាប់ជនពិការ ទៅយកទទួលសេវាផ្សេងៗ។
លោកអគ្គលេខាធិការ ក៏បានស្នើផងដែរ ឲ្យសាលាខេត្តបញ្ជ្រាបផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨ ទៅក្នុងផែនការសកម្មភាព របស់សាលាខេត្ត និងមន្ទីរ ស្ថាប័នពាក់ព័ន្ធ សម្រាប់ឆ្នាំ២០១៦ និងឆ្នាំបន្តបន្ទាប់។
ឯកឧត្តម ឯម ច័ន្ទមករា បានគូសបញ្ជាក់ថា រហូតដល់ពេលបច្ចុប្បន្នជនពិការ នៅតែប្រឈមនិងការរើសអើង ព្រមទាំងឥរិយាបថអវិជ្ជមាន មួយចំនួន ដែលជាឧបសគ្គមួយសម្រាប់ការលើកម្ពស់សិទ្ធិ និងការរស់នៅរបស់ជនពិការ នៅកម្ពុជា។ ក្នុងសមភាពលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បរិស្ថានផ្នែកកាយសម្បទា ការបង្កលក្ខណៈងាយស្រួល សេវាដឹកជញ្ជូន ការផ្តល់ព័ត៌មាន ក៏នៅមានកម្រិតផងដែរ សម្រាប់ជនពិការ៕







ភាសាខ្មែរ
English



