ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមក្នុងពិធី «ប្រគុំតន្ត្រី សប្បុរសធម៌លើកទី៣ ដើម្បីជនពិការ និងកុមារកំព្រា»
ក្នុងនាមឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ សកម្មភាពជនពិការ បានមកចូលរួមក្នុងពិធី «ប្រគុំតន្ត្រី សប្បុរសធម៌លើកទី៣ ដើម្បីជនពិការ និងកុមារកំព្រា» ដែលរៀបចំឡើង ដោយក្លឹបសិល្បៈនិង ផ្ទាំងទស្សនីយភាពមេគង្គ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ ដែលនេះការឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាពរបស់បងប្អូន ជនពិការ និងកុមារកំព្រា ជាមួយនឹងការចូលរួមសម្តែងពីសំណាក់និសិត្សជាច្រើន នៃសាកលវិទ្យាល័យផងដែរ។
ការប្រគុំតន្ត្រី សប្បុរសធម៌ដើម្បីជនពិការ និង កុមារកំព្រានាពេលនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែក កំលាំងមនុស្សធម៌ ជួយគ្នាទៅវិញទៅមក ពិសេសបង្ហាញអំពីភាពគ្មានការរើសអើងចំពោះជនពិការ និងកុមារកំព្រានៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
ឯកឧត្តម ឯម ច័ន្ទមករា សូមថ្លែងកោតសរសើរចំពោះក្លឹបសិល្បៈ និងផ្ទាំងទស្សនីយភាពមេគង្គ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា ពិសេស សូមសម្តែងនូវការថ្លែងអំណរគុណចំពោះលោកសាកលវិទ្យាធិការ ដែលបានបង្កលក្ខណៈក្នុងការ រៀបចំនូវកម្មវិធីដ៏មានអត្ថន័យនេះឡើង ក្នុងបុព្វហេតុចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការលើកកម្ពស់ការចូលរួមរបស់ជនពិការ ការផ្តល់ឱកាសស្មើគ្នារវាងជនពិការ និងជនមិនពិការ ការគោរពសមត្ថភាពវិវត្តរបស់កុមារពិការ សំដៅកាត់បន្ថយនិងលុបបំបាត់ការរើសអើង ជនពិការ សំដៅធានាដល់ការចូលរួមសកម្មភាពសង្គមរួមមាន វប្បធម៌ សិល្បៈ និងសកម្មភាពផ្សេងៗទៀត ដែលជាផ្នែកមួយឈានទៅរកការសម្រេចឲ្យ ខាងតែបាននូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ របស់ រាជរដ្ឋាភិបាលកម្ពុជា។
នេះគឺជាចូលរួមចំណែកមួយដ៏មានសារៈសំខាន់ និងជាគំរូដល់ក្រុមសិល្បៈនិស្សិត នៃសាកលវិទ្យាល័យ ដទៃទៀតដើម្បីចាប់ផ្តើមរៀបចំកម្មវិធីបែបនេះ ក្នុងគោលបំនងបង្កើនការយកចិត្តទុកដាក់ដល់ជនពិការ និង កុមារកំព្រា ដែលគ្មានទីពឹង ហើយកំពុងរង់ចាំការជួយពីយើងទាំងអស់គ្នា៕







ភាសាខ្មែរ
English



