ឯកឧត្តម វង សូត កំពុងសិក្សាផ្តល់ របបអាហារ ៥.០០០រៀលក្នុងមួយថ្ងៃ ដល់ជនពិការប្រគំតន្រ្តី តាមផ្សារ និងទីសាធារណៈ
ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុម ប្រឹក្សាសកម្មភាពជនពិការ បានបង្ហាញបំណងផ្តល់ ថវិកាប្រមាណ ៥.០០០រៀល សម្រាប់ថ្លៃអាហារក្នុងមួយថ្ងៃ ដល់ជនពិការអនាថា ជាពិសេសជនពិការ ដែលតែងដើរប្រគំតន្រ្តីតាមផ្សារ ឬទីសាធារណៈនានា។
ថ្លែងការបង្ហាញបំណងផ្តល់ប្រាក់ថ្លៃអាហារ ៥.០០០រៀលក្នុងមួយថ្ងៃនេះ ដល់ជនពិការអានាថានេះ បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ឆ្លងសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការនីតិកម្ម និងគណៈកម្មការរបាយការណ៍ នៃក្រុមប្រឹក្សាសកម្មភាពជនពិការ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់ Fresh News ថា ក្នុងកិច្ចប្រជុំ នាព្រឹកមិញនេះ ឯកឧត្តម វង សូត បានចាប់អារម្មណ៍ និង បង្ហាញគោលបំណងជួយឧបត្ថម្ភថ្លៃរបបហូបចុកដល់ជនពិការ ដែលគ្មានទីពឹងចំនួន ៥.០០០រៀលក្នុងមួយថ្ងៃ ដើម្បីជួយដល់ជនពិការដែលតែងតែប្រគំតន្រ្តីនៅតាមទីកន្លែងសាធារណៈ ដូចជាតាមផ្សារ ក្បែរសហគ្រាស រោងចក្រជាដើម។
បើតាមឯកឧត្តម ឯម ច័ន្ទមករា បំណងផ្តល់ថ្លៃអាហាររបស់ឯកឧត្តម វង សូត ធ្វើឡើងក្នុងទិសដៅចង់សម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការគ្មានទីពឹង។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី លោកមានគោលបំណងផ្តល់ថ្លៃអាហារនេះ ក៏ដើម្បីមិនចង់ឃើញ ការប្រគំតន្រ្តីរបស់បងប្អូនជនពិការនៅតាមទីសាធារណៈ ដែលមើលទៅហាក់មិនសមរម្យ។ តែមិនមែនយើង បញ្ឈប់ពួកគាត់នោះទេ គាត់អាចរកកន្លែងសមរម្យណាមួយ ធ្វើឆាកប្រគុំតន្រ្តីមនុស្សធម៌ ដែលមើលទៅសមរម្យជាងការដើរប្រគំនៅតាមសាធារណៈ»។
ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងទៀតថា នៅសប្តាហ៍ក្រោយ លោកនឹងបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមអង្គការជនពិការ ក៏ដូចជាអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមទៅលើការងារនេះ ក៏ដូចជាស្រង់ស្ថិតិរបស់ជនពិការ ដែលតែងតែដើរប្រគំតន្រ្តីតាមទីសាធារណៈនេះផងដែរ៕




ភាសាខ្មែរ
English



