ក្រសួងអប់រំ និងក្រសួងការងារ ផ្សព្វផ្សាយផែនការសកម្មភាពជនពិការដល់មន្រ្តី
ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើពិធីផ្សព្វផ្សាយពី ផែនការសកម្មភាពរបស់ជនពិការឆ្នាំ២០១៤-២០១៨ ទៅដល់មន្រ្តីរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងជីវ ភាព របស់ជនពិការ ក៏ដូចជាការជំរុញបើកផ្លូវឲ្យជនពិការ បានចូលបម្រើការងារនៅតាមក្រសួង មន្ទីរ ឲ្យបានតាម ការកំណត់របស់រាជរដ្ឋាភិបាល។
វេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា បានលើកឡើងក្នុងពិធីផ្សព្វ ផ្សាយផែនការសកម្មភាពជនពិការនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៥ថា ក្រសួងក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ មានឆន្ទៈខ្ពស់ក្នុងការជំរុញអត្រាជនពិការឲ្យចូលបម្រើការងារក្នុងវិស័យឯកជនឲ្យបាន ១ភាគរយ តាមការកំណត់។ ក្រសួង ក៏សម្រេចបាននូវកិច្ចការជាច្រើន ដើម្បីផលប្រយោជន៍សម្រាប់ជនពិការ ដូចជាបង្កើត កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបច្ចេកទេសជាដើម ហើយក្រសួង នឹងជំរុញឲ្យរៀបចំការសម្របសម្រួល សមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការអាចសិក្សាបានតាមកម្មវិធីបណ្តុះបណ្តាល។
វេជ្ជបណ្ឌិត ហ៊ុយ ហាន់សុង បានបញ្ជាក់ផងដែរថា ជនពិការដែលមានលក្ខណសម្បត្តិ និង សមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងមានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង រាប់ទាំងការ បម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី។ នេះបើយោងមាត្រា ៣៣ នៃច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការបង្កើតក្រុមការងារសកម្មភាព ជនពិការនៅក្នុងក្រសួងអប់រំ ក៏ដូចជាការដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨។ ពិសេសត្រង់ទិសដៅជាយុទ្ធសាស្ត្រទី៥ ដើម្បីធានាជនពិការអាចមានលទ្ធភាពទទួលបានសេវាអប់រំ បណ្តុះ បណ្តាល វិជ្ជាជីវៈ ប្រកបដោយគុណភាព និង សមភាព។
លោកបណ្ឌិត ហង់ ជួនណារ៉ុន ក៏បានលើកទឹកចិត្តដល់ក្រុមការងារសកម្មភាពជនពិការរបស់ក្រសួងអប់រំ ឲ្យពិនិត្យ លើការបង្កើនសម្ភារៈសិក្សា អក្សរសញ្ញា ការបង្រៀនដោយប្រើប្រាស់កុំព្យូទ័រក្នុង ទម្រង់ដែលអាចប្រើប្រាស់បាន សម្រាប់សិស្សពិការ និងការបង្កើតសាលាពិសេស, លើកទឹកចិត្ត និងបង្កើនចំនួនគ្រូពិការ ដែលមានសមត្ថភាពក្នុង ការបង្រៀនភាសាសញ្ញា អក្សរស្ទាប និងបណ្តុះបណ្តាលដល់អ្នកជំនាញ បុគ្គលិក ដែលធ្វើការនៅគ្រប់កម្រិតសិក្សា ដើម្បីឲ្យសិស្សពិការគ្រប់ប្រភេទ ពិសេសសិស្សពិការ គ ថ្លង់ ខ្សោយសតិបញ្ញាអាចចូលសិក្សាបាន។
លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យពិនិត្យលើការបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សពិការដូចជាជម្រាល នៅតាម សាលារៀនទាំងនៅជនបទ និងទីក្រុងជាដើម។
សូមបញ្ជាក់ថា ដើម្បីជំរុញការលើកកម្ពស់សិទ្ធិរបស់ជនពិការនៅកម្ពុជា ក៏ដូចជាជំរុញឲ្យមានការជ្រើសរើសមន្ត្រីជា ជនពិការនៅតាមក្រសួង មន្ទីរនានានោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងនីមួយៗត្រូវជ្រើសមន្រ្តីជា ជនពិការឲ្យបានចំនួន ២ភាគរយ។ រាជរដ្ឋាភិបាល ក៏សម្រេចឲ្យបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការ នៅគ្រប់ក្រ សួងផងដែរ ដើម្បីជួយបង្កើនការយកចិត្តទុកដាក់បន្ថែមទៅជនពិការ ធានាឲ្យពួកគេទទួលបាននូវប្រយោជន៍ និង ចៀសផុតពីការរើសអើងនានា។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ការបង្កើតក្រុមប្រឹក្សាសកម្ម ភាពជនពិការ តាមក្រសួងនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងបំណងលើកកម្ពស់សិទ្ធិ និងការរស់នៅរបស់ ជនពិការ ជាពិសេសជួយជំរុញឲ្យជនពិការបានចូលបម្រើការងារនៅតាមក្រសួង មន្ទីរ ឲ្យបានកាន់តែច្រើន៕






ភាសាខ្មែរ
English



