ព័ត៌មានលម្អិត៖ ប្រធានអង្គការ «ផ្ទះក្មេងៗរបស់កម្ពុជា» វាយធ្វើបាបក្មេងពិការ និងរួមភេទជាមួយប្រុសស្នេហ៍ឲ្យក្មេងៗមើល
កញ្ញា សយ ស្រីអូន អាយុ២៣ឆ្នាំ តួនាទីប្រធានមណ្ឌលអង្គការផ្ទះក្មេងៗរបស់កម្ពុជា រួមនិងប្រុសស្នេហ៍ឈ្មោះ ស្រស់ អ៊ុង អាយុ២៤ឆ្នាំ រងការចោទប្រកាន់ថា មានរំលោភបំពានលើផ្លូវកាយ វាយដំធ្វើបាបកុមារពិការ រួមទាំងរួមភេទជាមួយនិងសង្សារ ឲ្យកុមារទាំងអស់នៅក្នុងមណ្ឌលមើល នេះបើយោងតាមលិខិតជាផ្លូវការមួយ របស់លោកស្រី Chloe Flanagan ជាអ្នកផ្តល់ជំនួយតែម្នាក់គត់ ឲ្យមណ្ឌលអង្គការផ្ទះក្មេងៗរបស់កម្ពុជា ផ្ញើជូនប្រធានមនី្ទរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ។ អង្គការ «ផ្ទះរបស់ក្មេងៗកម្ពុជា» មានទីតាំងផ្ទះលេខ៤៣៩ ផ្លូវ៣៥៨ ក្រុមទី១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានលិខិតជាផ្លូវការ និងមានការណែនាំពីឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ឲ្យ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះពិនិត្យមើលករណីនេះជាបន្ទាន់ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥នេះ។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានបន្តបញ្ជាក់ប្រាប់ឲ្យដឹងថា បន្ទាប់ពីសាកសួរអាជ្ញាធរសម្រេចដកយក កុមារ៤នាក់ចេញពីអង្គការ «ផ្ទះក្មេងៗរបស់កម្ពុជា» ទៅរស់នៅក្នុងអង្គការ ម្លប់ប្ញស្សី ជាបណ្តោះអាសន្ន។
នៅម៉ោងប្រមាណជិត៤រសៀលថ្ងៃទី២៣ ខែមិថុនានេះ បន្ទាប់ពីសាកសួរនាំរួច សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន កញ្ញា សយ ស្រីអូន ប្រធានអង្គការ «ផ្ទះក្មេងៗរបស់កម្ពុជា» បន្ទាប់ពីរងការចោទប្រកាន់បានវាយដំកុមារ ដោយប្រើរំពាត់ដើមឈើលើក្មេងពិការ នៅក្នុងអង្គការផ្ទះក្មេងៗរបស់កម្ពុជា នេះបើយោងតាមលោក ឯក ច័ន្ទមករា បានបន្តបញ្ជាក់ប្រាប់យ៉ាងដូច្នេះ។ ដោយឡែកសង្សារបស់ប្រធានអង្គការរូបនោះ (បុរសឈ្មោះ ស្រស់ អ៊ុង) សមត្ថកិច្ចនឹងបន្តតាមរក និងហៅមកសាកសួរ ពាក់ព័ន្ធនឹងករណីនេះ។
យោងតាមសម្តីកញ្ញា សយ ស្រីអូន ប្រធានមណ្ឌលអង្គការផ្ទះក្មេងៗរបស់កម្ពុជា បាននិយាយថា រូបគាត់បានវាយក្មេងៗ ដោយសារប្រើពួកគាត់លាងបង្គន់, លានចាន, បោសផ្ទះ ធ្វើអ្វីៗផ្សេងៗធ្វើមិនទាន់ ត្រូវពួកគាត់វាយ។
ខាងក្រោមនេះជាលិខិតផ្លូវការរបស់លោកស្រី Chloe Flanagan ដែលជាម្ចាស់ជំនួយ-->
«ជូនចំពោះប្រធានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ»
អាស្រ័យដោយមានការរំលោភបំពានផ្លូវកាយ និងមិនអើពើចំពោះកុមាររបស់មណ្ឌលអង្គការផ្ទះរបស់ក្មេងៗកម្ពុជា ដែលមានទីតាំងផ្ទះលេខ ៤៣៩ ផ្លូវ ៣៥៨ ក្រុមទី១ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គោលបំណង៖ លិខិតនេះបញ្ជាក់ពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ខ្ញុំ នៅក្នុងមណ្ឌលអង្គការផ្ទះរបស់ក្មេងៗកម្ពុជា។ ខ្ញុំ Chloe Flanagan គឺជាអ្នកផ្តល់ជំនួយតែម្នាក់គត់ ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤ ក្នុងការថែទាំកុមារនៅតាមផ្ទះ ហើយក៏បានដឹងថា កុមារមិនត្រូវបានថែទាំ ស្របទៅតាមគោលនយោបាយ និងបទដ្ឋានអប្បបរិមាសម្រាប់ការថែទាំក្នុងមណ្ឌលឡើយ។
អ្នកជិតខាងដែលរស់នៅជិតមណ្ឌលហើយនិងខ្ញុំ បានឃើញនូវសកម្មភាពដូចខាងក្រោម៖
ប្រធានមណ្ឌលអង្គការផ្ទះរបស់ក្មេងៗកម្ពុជា កញ្ញា សយ ស្រីអូន អាយុ ២៣ឆ្នាំ ហើយនិងមិត្តប្រុសរបស់នាង ដែលមានឈ្មោះ ស្រស់ អ៊ុង អាយុ ២៤ឆ្នាំ បានវាយដំកុមារ ដោយប្រើរំពាត់ដើមឈើ ។ កុមារម្នាក់នៅក្នុងមណ្ឌលឈ្មោះ ដារ៉ូ អាយុ ១០ឆ្នាំ ជាសាក្សី ដែលបានឃើញ លោក ស្រស់ អ៊ុង វាយទៅលើកុមារឈ្មោះ ចំរើន ដោយរុញក្បាលបុកជាមួយនិងជញ្ជាំងថ្ម ។ ចំរើន គឺជាកុមារពិការខួរក្បាល និងរាងកាយ ដែលកំពុងរស់នៅក្នុងមណ្ឌល ហើយមានអាយុ៥ឆ្នាំ។
លោក ស្រស់ អ៊ុង ក៏បានវាយដំ ចំរើន ដោយប្រើទំពក់ខោអាវ ដោយបន្សល់ទុកនូវស្នាមរបួសធ្ងន់ធ្ងរ។ លោក ស្រស់ អ៊ុង តែងតែទាត់ ចំរើន ខ្លាំងៗពីក្រោយជារឿយៗ។
កញ្ញា សយ ស្រីអូន និងលោក ស្រស់ អ៊ុង តែងតែមានទំនាក់ទំនងផ្លូវភេទ ឲ្យកុមារទាំងអស់បានឃើញគ្រប់ៗគ្នា។ កុមារម្នាក់ឈ្មោះ សំ ពីវ អាយុ ៩ឆ្នាំ ដែលបានប្រាប់រឿងនេះដល់ឪពុកម្តាយរបស់គេ ត្រូវបានអ្នកទាំងពីរនេះបណ្តេញចេញពីមណ្ឌល។
កុមារទាំងអស់នៅក្នុងមណ្ឌលបានឃើញអ្នកទាំងពីរ «គឺកញ្ញា សយ ស្រីអូន និងលោក ស្រស់ អ៊ុង អាក្រាតកាយដេកនៅក្នុងបន្ទប់ និងនៅលើគ្រែជាមួយគ្នា»។ ពួកគេបានហៅកុមារទាំងអស់ចូលទៅក្នុងបន្ទប់ជាមួយ។ លោក ស្រស់ អ៊ុង បានត្រឡប់ចូលមកក្នុងមណ្ឌលនៅ ពេលយប់ជ្រៅក្នុងសភាពញៀនថ្នាំ ហើយកុមារទាំងអស់ក៏បានឃើញគាត់វាយកញ្ញា ស្រីអូន ដែរ។
អ្នកជិតខាងបានរាយការណ៍ថា កុមារមិនត្រូវបានបញ្ជូនទៅសាលារៀនទៀងទាត់ទេ។ ទាំងសុខភាព និងអនាម័យនៅក្នុងមណ្ឌល គឺមិនល្អ៖ កុមារមិនបានដុសធ្មេញ សក់ក្បាលកខ្វក់ មិនដែលសិត សម្លៀកបំពាក់ និងកន្លែងដេកមិនសំអាតទៀងទាត់ ហើយកុមារតែងតែឈឺ។ ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ខ្ញុំបានធ្វើការនៅមណ្ឌលជារៀងរាល់ថ្ងៃ ដើម្បីធ្វើការងារទាំងអស់នោះឲ្យបានរួចរាល់។
កញ្ញា ស្រីអូន មិនបានផ្តល់អាហារទៀងទាត់ដល់កុមារទេ។ ជួនកាលអ្នកជិតខាងបានផ្តល់អាហារឲ្យក្មេងៗ ហើយពួកគេត្រូវបានកញ្ញា ស្រីអូន ជេរប្រទេច ហើយហាមក្មេងៗមិនឲ្យចេញទៅក្រៅ។ ជាច្រើនលើកដែលកុមារត្រូវបានគេបង្អត់បាយរហូតដល់ម៉ោង ៥ល្ងាច។
កញ្ញាស្រីអូន និងលោក ស្រស់ អ៊ុង បានទុកក្មេងចោលនៅក្នុងមណ្ឌល មិនមើលថែទាំរហូតដល់យប់ជ្រៅ។ ស្រីអូននិង ស្រស់ អ៊ុង តែងតែប្រព្រឹត្តខុសក្នុងការប្រើប្រាស់ថវិកាជំនួយ សម្រាប់ការងារផ្ទាល់ខ្លួន។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ស្រីអូន បានលួចឯកសារដែលបញ្ជាក់អំពីស្ថានភាពរបស់គាត់ ដែលជាប្រធានមណ្ឌល និងសវតារលម្អិតរបស់ កុមារនៅក្នុងមណ្ឌលពីប្រព័ន្ធទុកឯកសារ។
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ស្រីអូន បានផ្ញើសារទៅកាន់លោក ស៊ុន លាង នៃអង្គការស្តារកម្ពុជា ដោយបញ្ជាក់ថា មិនត្រូវការអ្នកស្ម័គ្រចិត្ត នៅក្នុងមណ្ឌលរបស់គាត់ទៀតទេ ដោយសារតែត្រូវប្តូរទីតាំងមណ្ឌលទៅនៅកន្លែងផ្សេង។
កុមារបីនាក់ដែលធ្លាប់រស់នៅក្នុងមណ្ឌល ឈ្មោះ ដា ភេទប្រុស អាយុ ១១ឆ្នាំ, ឈ្មោះ ឡាយ ភេទប្រុស អាយុ ១០ឆ្នាំ និង លក្ខិណា ភេទស្រី អាយុ១២ឆ្នាំ មិនមានវត្តមាននៅក្នុងមណ្ឌលទៀតទេ ហើយក៏មិនបានដាក់បញ្ចូលជាកុមារក្នុងមណ្ឌលទៀតដែរ។ ពួកគេប្រហែលជាសាច់ញាតិ របស់ ស្រស់ អ៊ុង។
ក្នុងនាមជាអ្នកផ្តល់ជំនួយដល់អង្គការផ្ទះរបស់ក្មេងៗកម្ពុជា ខ្ញុំលែងជឿទុកចិត្តកញ្ញា សយ ស្រីអូន ក្នុងការការពារ និងថែទាំកុមារទៀត ហើយខ្ញុំនឹងមិនបន្តផ្តល់ជំនួយទៅឲ្យគាត់ដែរ។ នេះមានន័យថា អង្គការផ្ទះរបស់ក្មេងៗកម្ពុជាមិនមានការផ្តល់ជំនួយទៀតទេ។
នៅម៉ោង៦ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ កញ្ញា សយ ស្រីអូន បានទូរស័ព្ទទៅកាន់ឪពុកម្តាយរបស់ តុលា ភេទប្រុស អាយុ ១០ឆ្នាំ និងបងស្រីរបស់គេឈ្មោះ ស្រីល័ក្ខ អាយុ ១២ឆ្នាំ ឲ្យពួកគាត់ទទួលយកកូនរបស់ខ្លួនពីមណ្ឌលឲ្យបានឆាប់តាមតែអាចធ្វើទៅបាន។
ក្មេងដែលមានវត្តមាននៅក្នុងមណ្ឌល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ រួមមាន៖ ចំរើន ភេទប្រុស អាយុ ៥ឆ្នាំ ពិការខួរក្បាល និងរាងកាយ, តុលា ភេទប្រុស អាយុ ១០ឆ្នាំ, ដារ៉ូ ភេទប្រុស អាយុ ១០ឆ្នាំ ដែលមានម្តាយរស់នៅក្នុងមណ្ឌលជាមួយ, ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ ស្ថានភាពទាំងនេះ គឺមានភាពធ្ងន់ធ្ងរណាស់ ហើយខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីសុវតិ្ថភាព និងសុខុមាលភាពកុមារនៅក្នុងមណ្ឌល។
សូមលោកប្រធានមេត្តាចាត់វិធានការការពារកុមាររងគ្រោះនេះផង។
សូមទទួលនូវការគោរពនិងជូនពរលោកប្រធានឲ្យមានភាពជោគជ័យ។
ហត្ថលេខា
លោកស្រី Chloe Flanagan





ភាសាខ្មែរ
English



