ផ្សារ «ស្តៅកន្លែង» ក្លាយជាផ្សារគំរូក្នុងតំបន់អាស៊ាន ដែលបានសាងសង់ផ្លូវជម្រាល និងបន្ទប់អនាម័យសម្រាប់ជនពិការ
ផ្សារ «ស្តៅកន្លែង» ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា បានក្លាយជាផ្សារគំរូសម្រាប់ប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ាន ដោយសារផ្សារនេះបានសាងសង់ផ្លូវជម្រាល និងបន្ទប់ទឹកអនាម័យសម្រាប់ជនពិការប្រើប្រាស់។ ផ្សារមួយនេះ គេគ្រោងយកទៅបង្ហាញក្នុងសន្និសីទ ស្តីពីជនពិការក្នុងប្រទេសជប៉ុន នាពេលខាងមុខថែមទៀតផង។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជម្រាលបេតុងផ្សារ និងបន្ទប់ទឹកអនាម័យ សម្រាប់ជនពិការក្នុងផ្សារ «ស្តៅកន្លែង» ខាងក្រោយវត្តស្តៅកន្លែង ជាប់មាត់ទន្លេ កាលពីព្រឹកថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៥ អគ្គខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា «ផ្សារស្តៅកន្លែងនេះ ជាផ្សារគំរូសម្រាប់ទូទាំងប្រទេសកម្ពុជា ព្រោះសូម្បីតែផ្សារធំៗមួយចំនួន ក៏ពុំទាន់មានជម្រាលបេតុង និង បន្ទប់ទឹកអនាម័យ ដែលបម្រើសេចក្តីត្រូវការបងប្អូនជនពិការ ដូចផ្សារស្តៅកន្លែងនេះដែរ»។
ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា ការសាងសង់ជម្រាលផ្សារ និងបង្គន់សម្រាប់ជនពិការ នៅស្រុកកៀនស្វាយ គឺជាគម្រោងសាកល្បង ដើម្បីប្រមូលយកបទពិសោធន៍ល្អ ហើយនឹងពង្រីកការងារទៅទូទាំងប្រទេសកម្ពុជា។
នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនពិការអាស៊ីប៉ាស៊ីហ្វិក លោក អាគី នីណូមីយ៉ា បានថ្លែងថា ផ្សារ «ស្តៅកន្លែង» មិនគ្រាន់តែជាផ្សារគំរូសម្រាប់ប្រទេសកម្ពុជាឡើយ ប៉ុន្តែវាក៏ជាផ្សារគំរូសម្រាប់ប្រទេសទាំង១០ ក្នុងសមាគមអាស៊ាន ព្រោះប្រទេសទាំងនោះ ពុំទាន់មានផ្សារសម្រាប់បម្រើវិស័យពិការភាព ដូចជាផ្សារស្តៅកន្លែងនេះឡើយ។ ដូច្នេះផ្សារនេះ ជាផ្សារដំបូងគេ ហើយសម្រាប់អាស៊ាន។
លោក អាគី បានបន្ថែមទៀតថា នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងមានសន្និសីទអន្តរជាតិដ៏ធំមួយនៅទី ក្រុងតូក្យូ ប្រទេសជប៉ុន ហើយរូបភាពនៃផ្សារស្តៅកន្លែងនេះ នឹងត្រូវយកទៅបង្ហាញជូនសនិ្នបាតនោះសម្រាប់ឱ្យ ប្រទេសដទៃទៀតយកជាគំរូតាម៕