លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងទិវាជនពិការកម្ពុជាលើកទី១៧ និង ទិវាជនពិការអន្តរជាតិលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំ
លោកជំទាវឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ែន សំអន បាន ថ្លែងបញ្ជាក់សុខុមាលភាពជនពិការ ត្រូវបានកែលម្អរឲ្យកាន់តែប្រសើរឡើង ស្របតាមដំណើរការ នៃការអភិវឌ្ឍប្រទេសជាតិ ហើយក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផងដែរ។
ការថ្លែងបញ្ជាក់របស់លោកជំទាវ ម៉ែន សំអន បានធ្វើឡើងក្នុងឱកាស ដែលលោកស្រីអញ្ជើញចូលរួមអបអរសាទរទិវាជនពិការកម្ពុ ជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣ នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥នេះ។ ការប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិលើកទី៣៣នេះ មានការចូលរួមពីជនពិការប្រមាណ ២.០០០ នាក់។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ដល់ជនពិការ ដោយ បានចាត់ទុកវិស័យពិការភាពជាវិស័យអាទិភាពក្នុងចំណោមវិស័យផ្សេងៗទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ បន្តអនុវត្តគោលនយោបាយជាតិ ចំពោះជនពិការតាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ការពង្រឹងអនុវត្ត ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និង សុខុមាលភាពជនពិការស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី សិទ្ធិជនពិការ។
លោកស្រីឧបបាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «សុខុមាលភាពជនពិការ ត្រូវបានកែលម្អរឲ្យប្រសើរឡើង ស្របតាមដំណើរការ នៃការអភិវឌ្ឍប្រទេស។ ជនពិការត្រូវបានផ្តល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ តាមក្រសួង ស្ថាប័នរដ្ឋចំនួន៤០»។
លោកជំទាវបន្តថា រាជរដ្ឋាភិបាល ក៏បានផ្តល់ដីធ្លីជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣២៧ នៅតាកែនកោះស្លា ស្រុកឈូក ខេត្តកំពត និងស្រុកគូលេនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅដ្ឋាន និង ធ្វើអាជីវកម្ម កសិ កម្មជាលក្ខណៈគ្រួសារ ព្រមទាំងផ្តល់សេវាស្តារលទ្ធភាពពលកម្មនៅសហគមន៍ ដើម្បីចូលរួមចំណែកជួយជនពិការក្រីក្រ និង លើកកម្ពស់ជីវភាព។
យោងតាមរបាយការណ៍អង្កេតរបស់ក្រសួងផែនការ បានឲ្យដឹងថា ជនពិការនៅកម្ពុជានាពេលបច្ចុប្បន្នមានរហូតដល់ទៅ ៥០ម៉ឺន នាក់។
ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បាន លើកឡើងថា បច្ចុប្បន្នចំនួនជនពិការនៅកម្ពុជាមានចំនួនថយចុះ ដោយាសារសង្គ្រាមត្រូវបានបញ្ចប់ កំណើនសេដ្ឋកិច្ច ក៏បានរួម ចំណែកកាត់បន្ថយអត្រាជនពិការ កម្មវិធីបង្ការពិការភាពដល់ប្រជាពលរដ្ឋគ្រប់រូបលទ្ធភាព នៃការដោះមីន និង ការទប់ស្កាត់គ្រោះ ថ្នាក់ចរាចរណ៍ជាដើម។ជនពិការមានសមត្ថភាពចូលរួមប្រកួតប្រជែង ក្នុងទីផ្សារពលករ ដែលអាចរកប្រាក់ចំណូល ដើម្បីធានា និរន្តរភាពជីវភាព និងសេចក្តីថ្លៃថ្នូរតាមរយៈការបណ្តុះបណ្តាលសមត្ថភាពជនពិការ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបានជំរុញការអនុវត្តច្បាប់ស្តីពីសិទ្ធិជនពិការជាក់ស្តែងក្នុងឆ្នាំ២០១៥នេះ មាន ជនពិការចំនួន ២.៣២០នាក់ បានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋចំនួន៤០។
ជនពិការប្រមាណ ២ម៉ឺននាក់បានទទួលស្តារលទ្ធភាពពលកម្មកាយសម្បទា ដោយឥតគិតថ្លៃ។ ជនពិការមានសមត្ថភាពរកប្រាក់ ចំណូលសម្រាប់លើកស្ទួយជីវភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារប្រមាណ ២ម៉ឺនគ្រួសារព្រមទាំងចងក្រងក្រុមជួយខ្លួនឯង នៃជន ពិការចំនួន ១.៩៥៥ក្រុម ជនពិការបានទទទួលការបណ្តុះបណ្តាលសមត្ថភាពជំនាញមានចំនួន ១៦.៩៣១នាក់ផងដែរ៕