ឯកឧត្តម ឯម ច័ន្ទមករា សាទរចំពោះចំណាត់ការក្នុងការផ្តល់អាទិភាពមុនគេដល់ជនពិការទូទាំងប្រទេស ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត
បន្ទាប់ពីមានការចេញផ្សាយដោយអ្នកនាំពាក្យ គ.ជ.ប បានលើកឡើងថា «ជនពិការត្រូវបានផ្ដល់អាទិភាពមុនគេ ក្នុងពេលចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត» ភ្លាមៗនៅថ្ងៃទី២០ ខែតុលានេះ លោក លោក ឯម ច័ន្ទមករា អគ្គលេខាធិការវ័យក្មេងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងការសាទរចំពោះការផ្តល់អាទិភាពដល់ ជនពិការទូទាំងប្រទេស ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតបានមុនគេ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច ឯកឧត្តម ឯម ច័ន្ទមករា បានបន្តបញ្ជាក់ថា ការសម្រួលដល់ជនពិការនេះ គឺជារឿងប្រពៃដែលទង្វើមួយ បង្ហាញពីសុជីវធម៌ និងមិនរើសអើងជនពិការក្នុងកិច្ចសង្គម។ ឯកឧត្តម ឯម ច័ន្ទមករា ក៏សូមថ្លែងអំណរគុណចំពោះស្ថាប័ន គ.ជ.ប បានផ្តល់អទិភាព និងបង្កលក្ខណៈងាយស្រួលដល់ ជនពិការទូទាំងប្រទេសបែបនេះ។
ការថ្លែងលើកឡើង និងសាទរចំពោះស្ថាប័ន គ.ជ.ប បែបនេះធ្វើឡើងបន្ទាប់ពី គ.ជ.ប បានផ្តល់អាទិភាពមុនគេដល់ជនពិការទាំងអស់ ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះថា ជាគោលការណ៍របស់ គ.ជ.ប គឺមានការសម្របសម្រួល និងផ្ដល់អាទិភាពមុនគេដល់ជនពិការទាំងអស់ ក្នុងការចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត ដែលនេះជាការលើកទឹកចិត្តដល់ពួកគាត់ និងបង្ហាញថា សង្គមខ្មែរគ្មានការរើសអើងជនពិការនោះទេ។
លោកបានបន្តថា ការដែល គ.ជ.ប បានអនុវត្តគោលការណ៍ទាំងនេះ ដោយសារសកម្មភាពនេះ ជាសុជីវធម៌របស់សង្គមខ្មែរ ដែលគ្មានការរើសអើងជនពិការ ហើយចំពោះស្ថានភាពជីវសាស្ត្រវិញ គឺកាយសម្បទារបស់ពួកគាត់ ក៏មិនមានភាពរឹងមាំដូចមនុស្សធម្មតាទេ ដូច្នេះហើយ ទើបតម្រូវឱ្យមានការជួយសម្របសម្រួលបែបនេះ។
សូមជម្រាបថា គិតពីថ្ងៃទី១ កញ្ញា ដល់ថ្ងៃទី១៩ តុលា មានពលរដ្ឋ ៥,៩៩៩,១៧៧នាក់ហើយ ដែលបានទៅចុះឈ្មោះបោះឆ្នោត ហើយគិតត្រឹមថ្ងៃ១២ តុលា ជនពិការចំនួន ៥,៩៧៨នាក់ បានទៅចុះឈ្មោះបោះឆ្នោត៕