ឯកឧត្តម វង សូត ប្រាប់រដ្ឋមន្ត្រីក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិចថា៖ កម្ពុជាចាត់វិស័យពិការភាពជាកិច្ចការអាទិភាព ដោយកំណត់ច្បាស់យុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល!
(ប៉េកាំង)៖ ថ្លែងនៅក្នុងកិច្ចប្រជុំអន្តររដ្ឋាភិបាល ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច កម្ពុជា បានប្រាប់ទៅរដ្ឋមន្ត្រី និងតំណាងរដ្ឋាភិបាលក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិចថា៖ កម្ពុជាបានប្តេជ្ញាចិត្ត និងធ្វើដំណើរយ៉ាងស្វាហាប់ ក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ជាពិសេសទសវត្សជនពិការប្រចាំតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ២០១៣-២០២២ យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» សំដៅជំរុញវិស័យពិការភាពឱ្យដំណើរការទៅកាន់តែល្អប្រសើរឡើង ស្របតាមស្ថានភាពវិវត្តនៃកម្ពុជា។ ជាក់ស្តែងកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារអាទិភាពនៅក្នុងវិស័យអាទិភាពសំខាន់ៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ថ្លែងនៅចំពោះមុខអ្នកចូលរួមប្រមាណ៣០០នាក់ មកពីបណ្តាប្រទេសក្នុងអាស៊ីនិងប៉ាស៊ីហ្វិក ឯកឧត្តម វង សូត រដ្ឋមន្ត្រីសង្គមកិច្ច និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថាទៀតថា កម្ពុជាមានភព្វសំណាង ព្រោះមាននាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានដាក់ចេញនូវច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ តាំងពីឆ្នាំ២០០៩ ជាគោលនយោបាយមួយដ៏សំខាន់សម្រាប់លើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី វង សូត បានថ្លែងដោយមោទនភាពថា កម្ពុជាបានកសាងផែនការយុទ្ធសាស្រ្តជាតិស្តីពី ពិការភាព ២០១៤-២០១៨ ដោយផ្តោតទៅលើសេដ្ឋកិច្ច-សង្គម និងសកម្មភាព វប្បធម៌ សុខភាព និងការស្តារសម្បទាឡើងវិញ រួមទាំងការអប់រំ ការទទួលបានការងារធ្វើ សេវាហេដ្ឋារចនាសម័្ពន្ធសាធារណៈ និងព័ត៌មាន ការចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់ស្រ្តី និងកុមារពិការ ដែលមានភាពបន្ស៊ីគ្នាទៅនឹងយុទ្ធសាស្ត្រ អុីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត»។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
ចំពោះការផ្តល់ប្រាក់របបគោលនយោបាយ ចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ត្រូវបានបើកផ្តល់។ ការផ្តល់ឱកាសដល់ជនពិការ ឱ្យចូលបម្រើការងារតាមក្រសួងស្ថាប័ន ក៏មានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ។ ឯការផ្តល់សេវាស្តារលទ្ធភាព ពលកម្មកាយសម្បទាដល់ជនពិការ ក៏ត្រូវបានផ្តល់ដោយមានការយកចិត្តទុកដាក់។ នេះជាការលើកឡើងបន្ថែមរបស់ឯកឧត្តម វង សូត នៅក្នុងកិច្ចប្រជុំខាងលើ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ រៀបចំឡើងដោយគណៈកម្មាធិការអេស្កាប់ ESCAP សហការជាមួយសហព័ន្ធជនពិការចិន នៅទីក្រុងប៉េកាំង ប្រព្រឹត្តទៅរយៈពេលពេល៥ថ្ងៃ ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមប្រមាណជាង៣០០នាក់។ នេះជាការផ្តល់ព័ត៌មានពីអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា។
ប្រតិភូអមដំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឯម ច័ន្ទមករា បានឱ្យដឹងទៀតថា កិច្ចប្រជុំនេះ គឺជាការពិនិត្យឡើងវិញនូវវឌ្ឍនភាពដែលបានអនុវត្តកន្លងទៅ នៃយុទ្ធសាស្រ្តអ៊ីនឈាន់សម្រាប់ជនពិការ ដែលមានចែងក្នុងសូចនាករស្នូលទី៤១។ ការបង្ហាញអំពីវឌ្ឍភាពលើវិស័យពិការភាព តាមរយៈការប្រមូលរបាយការណ៍ដោយគណៈកម្មាធិការ ESCAP ដែលរដ្ឋាភិបាល សង្គមស៊ីវិល អង្គការអន្តរជាតិ និងទីភ្នាក់ងារអភិវឌ្ឍន៍ បានអនុវត្តកន្លងមក ក៏ត្រូវបានលើកមកបង្ហាញតាមសូចនាករនានា ដើម្បីឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ជនពិការនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕
width="650" />