ឯកឧត្តមរដ្ឋមន្ត្រី វង សូត ប្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវពង្រឹងប្រសិទ្ធភាពការងារ ក្នុងអាណត្តិថ្មីនេះឲ្យទទួលបានលទ្ធផលល្អ ច្រើនជាងអាណត្តិមុន
(ភ្នំពេញ)៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្រើនរំលឹក ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ផ្នែកទាំងអស់ឲ្យខិតខំពង្រឹងសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឲ្យខ្លាំងក្លាជាងមុនសំដៅ ធ្វើយ៉ាងណាឲ្យអនុវត្តការងារ និងលទ្ធផលនៅក្នុងអាណត្តិថ្មីនេះល្អប្រសើរជាងអាណត្តិមុន។
ពិធីបូកសរុបលទ្ធផលការងារអាណត្តិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្តិទី៦ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងសង្គមកិច្ច។
ឯកឧត្តម វង សូត បានលើកឡើងថា កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងមានការរីកចម្រើនជាងលឿន ទៅតាមបណ្តាប្រទេសមួយចំនួនទៀត វិស័យសង្គមកិច្ច ដើរតួនាទីសំខាន់ណាស់ ហើយក៏ជាស្ថាប័នមួយ ទ្រទ្រង់ឲ្យរាជរដ្ឋាភិបាលទទួលបានការគាំទ្រមួយផ្នែក។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា «រដ្ឋាភិបាលខ្លាំង ឬខ្សោយ គឺមួយផ្នែកអាស្រ័យទៅលើវិស័យសង្គមកិច្ច ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។ សម្រាប់អាណត្តិថ្មី អ្វីដែលចាប់អារម្មណ៍ កម្ពុជាមកដល់ពេលនេះ ពិតជាមានមោទនភាព អ្វីៗពិតជាមានការប្រែប្រួល ចឹងបងប្អូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង និងនៅតាមមន្ទីរសង្គមកិច្ច ត្រូវប្រឹងប្រែងធ្វើការងារឲ្យបានល្អ កុំធ្វើការងារឲ្យរួចពីដៃ ហើយទុកចោល។ បើថ្នាក់ដឹកនាំ និងមន្រ្តីរាជការណា មិនធ្វើការ ហើយចង់ឡើងតំណែង គឺកុំសង្ឃឹម។ បើចង់បានតំណែងអ្វី ត្រូវមានសកម្មភាពការងារជាមុនសិន»។
រដ្ឋមន្រ្តី វង សូត ដែលសភាបានផ្តល់សេចក្តីទុកចិត្តឲ្យជាប់ជា រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទអាណត្តិថ្មីរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ សេវាទ្រទ្រង់ប្រជាជនក្រីក្រ តាមរយៈក្រសួងសង្គមកិច្ច។
ជាមួយគ្នានោះ ឯកឧត្តម វង សូត ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅតាមក្រសួង និងនៅតាមមន្ទីរ នៅទូទាំង រាជធានីខេត្ត ដែលបានចូលរួមសហការ និងលះបង់ នៅក្នុងបេសសកម្មការងារ នៅអាណត្តិទី៥ ក្នុងគោលដៅ ជួយទៅដល់ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ រហូតទទួលបានលទ្ធផលល្អប្រសើរ។
នៅក្នុងពិធីបូកសរុបលទ្ធផលការងារអាណត្តិទី៥ និងលើកទិសដៅការងារសម្រាប់អាណត្តិទី៦នោះ ឯកឧត្តម វង សូត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែង កាលពីអាណត្តិទី៥ រហូតទទួលបានលទ្ធផលល្អ។
យ៉ាងណាក៏ដោយ សម្រាប់អាណត្តិថ្មីនេះ ឯកឧត្តម វង សូត ក៏រំពឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ កាន់តែខិតខំបន្ថែមទៀត សំដៅដល់ការជួយដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសទទួលបានការយកចិត្តទុកដាក់ និងមើលថែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែនជាប្រមុខដឹកនាំ៕
width="650" />