មន្ត្រីជនពិការៈ គ្រប់ស្ថាប័នបគ្បីបង្កើនការប្រើភាសាសញ្ញាឱ្យបានច្រើនតាមដែលអាចធ្វើបាន
អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានក្រើនរំឭកអំពីភាសាសញ្ញថា នៅតាមស្ថាប័នផ្សព្វផ្សាយព័ត៌មាន ជាពិសេសទូរទស្សន៍ កន្លែងធ្វើការទាំងស្ថាប័នរដ្ឋ និង ឯកជន សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព តាមគ្រួសារ និង សហគមន៍ ក៏ដូចជាក្នុងជំនួបនានា មានសិក្ខាសាលា និង សន្និសីទ ជាដើម គប្បីបញ្ចូលឱ្យមានភាសាសញ្ញា ឬ ដាក់ឱ្យមានអ្នកបកប្រែភាសាសញ្ញា ឱ្យបានច្រើនតាមដែលអាចដើម្បីផ្តល់លទ្ធភាពដល់មនុស្សគ-ថ្លង់ អាចប្រើប្រាស់ និង យល់បានដូចមនុស្សទូទៅដែរ ។
ឯកឧត្តម ឯម ច័ន្ទមករា ថ្លែងបែនេះនៅក្នុងទិវាមនុស្សគ-ថ្លង់ កម្ពុជា លើកទី ៦ ដែលរៀបចំនៅឯទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា កាលពីព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និង ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមប្រធានបទ ដាក់បញ្ចូលភាសាសញ្ញា គឺ ដើម្បី មនុស្សគ្រប់គ្នាប្រើបាន ។
សូមជម្រាបថា នៅកម្ពុជាមានជនដែលមានពិការភាពប្រមាណជា ៥២ ម៉ឺន ៤ ពាន់នាក់ ក្នុងនោះមានជនគ-ថ្លង់ ជាង ៤ ម៉ឺន ៣ ពាន់នាក់ ហើយបើតាមច្បាស់ស្តីពីការពារ និង លើកកម្ពស់សិទ្ធិជនពិការ ភាសាសញ្ញាគឺជាកាតព្វកិច្ចដ៏ចាំបាច់មួយដែលគេត្រូវតែមាននៅតាមស្ថាប័ន និង ទីតាំងនានាដូចដែលឯកឧត្តម ឯម ច័ន្ទមករា បាលើកឡើងខាងដើមនេះស្រាប់ ។
ទោះយ៉ាងណា ត្រូវបានគេមើលឃើញថា ភាសាសញ្ញា នៅតាមស្ថាប័ន និង ទីតាំងនានាដែលត្រូវការចាំបាច់នោះ គឺនៅមានតិចតួចនៅឡើយ ។ រីឯជំនួបនានា ដូចជាសន្និសីទ និង សិក្ខាសាលាជាដើមទៀតសោត ក៏ដាក់អ្នកបកប្រែភាសាសញ្ញានេះ ដោយកម្រណាស់ដែរ គឺលុះណាតែជាកម្មវិធីរបស់ជន គ-ថ្លង់ ។ ប៉ុន្តែនៅតាមបណ្តាប្រទេសដែលប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិជនដែលមានពិការភាព គេតែងតែដាក់អ្នកបកប្រែភាសាសញ្ញានៅគ្រប់កម្មវិធីសំខាន់ៗ មិនថាកម្មវិធីនោះ ជាកម្មវិធីរបស់ជន គ-ថ្លង់ ឬ ក៏អត់ឡើយ ។
ឯកឧត្តម វង សូត បានទទួលស្គល់ថា ការប្រើប្រាស់ភាសាសញ្ញា ពិតជានៅមានកម្រឹតតិចតួចមែន បើធៀបទៅនឹងតម្រូវការរបស់ជនគ-ថ្លង់ ហើយថា វាពិតជារពិបាកក្នុងចិត្តខ្លាំងណាស់សម្រាប់មនុស្សទាំងឡាយណាដែលមានមាត់ ប៉ុន្តែនិយាយមិនកើត មានត្រចៀក ប៉ុន្តែបែរជាស្តាប់មិនឮ ។
ទោះយ៉ាងឯកឧត្តម វង សូត បានលើកឡើងថា នេះក៏ចាត់ទុកថាជាភ័ពសំណាងម្យ៉ាងហើយ សម្រាប់ជនគ-ថ្លង់ នៅកម្ពុជា ព្រោះថា សម័យតេជោ គឺជាសម័យកាលទី ១ ហើយដែលជនគ-ថ្លង់ នៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ ហើយថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបន្តជំរុញឱ្យមានភាសាសញ្ញាឱ្យបានច្រើនបន្ថែមទៀតតាមដែលអាច ៕