ពិធីចែករទេះរុញជូនកុមារពិការ និងសិក្ខាសាលាការប្រើប្រាស់ ការថែទាំ និងការជួសជុលរទេះរុញ
រសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ អគ្គលេខា ធិការដ្ឋាន ក.ស.ជ សហការជាមួយសមាគមអតីត កម្មសិក្សាការី JICA កម្ពុជាបានរៀបំពិធីចែករទេះ រុញជូនកុមារពិការ និងសិក្ខាសាលាការប្រើប្រាស់ ការថែទាំ និងជួសជុលរទេះរុញនាទីស្តីការក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោម អធិបតីភាពឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធាន ក.ស.ជ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងដោយមាន ការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាសកម្មភាព ជនពិការ តំណាងឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា ប្រធានទីភ្នាក់ងារសហ ប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការ អ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះជនពិការក្រៅប្រទេស តំណាងអង្គការដែលធ្វើការក្នុងវិស័យពិការភាពចំនួន៧មកពី បណ្តារាជធានី ខេត្ត សរុបប្រមាណ១២០នាក់។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើងថា ពិធីប្រគល់
រទេះរុញ និងឧបករណ៍ជំនួយក្នុងការអង្គុយសម្រាប់កុមារពិការ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់
ការផ្តល់រទេះជនពិការក្រៅប្រទេស នៃក្រសួងការបរទេសជប៉ុន តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ ដើម្បីប្រគល់ជូនមជ្ឈម
ណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ចំនួន៩ និងអង្គការចំនួន៧ ដើម្បីចែកជូនបន្តទៅដល់កុមារពិការកម្ពុជានាពេលនេះ
ពិតជាបានជួយសម្រាល ការលំបាករបស់កុមារពិការ ក៏ដូចជាការចូលរួមចំណែកក្នុងការស្តារលទ្ធភាពពលកម្មកាយសម្បទា
របស់កុមារ ពិការឲ្យកាន់តែប្រសើឡើងមួយកំរិតថែមទៀត។ ពិធីនេះក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងក្រុម
ប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនិងអង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការ
ផ្តល់រទេះរុញជូនជនពិការក្រៅប្រទេស និងសមាគមអតីតកម្មសិក្សាការី JICA កម្ពុជាដែលតែងតែខិតខំរកជំនួយជារទេះរុញជូន
ដល់កុមារពិការកម្ពុជាសរុបចំនួន៣លើក ដោយលើកទី១បានចែកជូនកុមារពិការកម្ពុជា ចំនួន៨០គ្រឿងកាលពីឆ្នាំ២០១០ លើក
ទីពីចំនួន៨០គ្រឿងកាលពីឆ្នាំ២០១២ និងលើកទី៣នេះគឺមានចំនួន១៦០គ្រឿង សរុបទាំងអស់មានចំនួន៣២០គ្រឿង។ រទេះរុញ
និងឧបករណ៏ជំនួយក្នុងការអង្គុយនេះពិតជាមានសារៈសំខាន់ណាស់ក្នុងទិសដៅស្តារលទ្ធភាព ពលកម្មកុមារពិការកាយសម្បទា
និងកុមារពិការសតិបញ្ញា ដូចជាកុមារពិការចលករខួរក្បាល កុមាររបួសខួរឆ្អឹងខ្នង កុមារដែលមានជំងឺ ដោនសាំងដ្រូម។ល។
កុមារពិការ ពិតជាត្រូវការចាំបាច់ណាស់នូវសម្ភារៈទាំងនេះ ហើយការជួយរបស់អង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះ
ជនពិការក្រៅប្រទេសនាពេលនេះ ពិតជាបានឆ្លើយតបទាន់ពេលវេលាដល់ពួកគេក្នុងការស្តារលទ្ធភាពពលកម្ម ផ្នែកវេជ្ជសាស្រ្ត
និងផ្នែកកាយសម្បទា។ ជនពិការ និងកុមារពិការត្រូវបានដាក់បញ្ចូលទៅក្នុងគ្រប់សកម្មភាពអភិវឌ្ឍ មិនត្រូវទុកជនពិការឱ្យនៅ
ដាច់ដោយឡែកនោះទេ។ ត្រូវធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថ ការយល់ឃើញរបស់សង្គមចំពោះជនពិការ ក្នុងការទទួលស្គាល់
សកម្មភាព និងសម្លេងរបស់ជនពិការ ពិតជានិងនាំមកនូវការលើកកម្ពស់ដល់ការអភិវឌ្ឍសង្គម។ ជនពិការ និងកុមារពិការមាន
សមត្ថភាពគ្រប់គ្រាន់ក្នុងការយកឈ្នះនូវរាល់ឧបសគ្គរារាំងផ្សេងៗដោយខ្លួនឯង ដូចនេះការដាក់បញ្ចូលពួកគេក្នុងគ្រប់វិស័យ
ដោយផ្អែកលើគោលការណ៍សិទ្ធិស្មើគ្នា នឹងធ្វើឱ្យជីវិតពួកគេនិងសហគមន៍មានភាពប្រសើរទ្បើង ទើបសមស្របទៅនឹងពាក្យ
ស្លោកថា“ធ្វើឲ្យសិទ្ធិក្លាយជាការពិត”។
លោក កាតាមិស៊ុ ស៊ីនិឈិ ប្រធានផ្នែកសេដ្ឋកិច្ច និង ODA និងជាលេខាទី១ នៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើង
ថារដ្ឋាភិបាល និងប្រជាជនជប៉ុនបានបរិច្ចាករទេះរុញនិងឧបករណ៍ទាំងនេះតាមរយៈអង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការ
ផ្តល់រទេះជនពិការក្រៅប្រទេស ពិធីចែករទេះរុញនិងឧបរករណ៍នាឱកាសនេះស្របពេលទៅនឹងពិធីប្រារព្ធខួបលើកទី៦០ នៃ
ទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។ លោកបានលើកឡើងថារទេះរុញ និងឧបករណ៍ទាំងអស់នេះពិត
ជាមិនទាន់គ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការរបស់កុមារពិការទេព្រោះលើកកត់សំគាល់ឃើញថាមានកុមារពិការមួយចំនួន
កំពុងរស់នៅតែក្នុងផ្ទះដោយខ្វះខាតមធ្យោបាយធ្វើដំណើរចេញចូល។ លោកបានដឹងថារទេះរុញដែលបានផ្តល់ជូនកន្លងមក
និងពេលនេះអាចជួយកុមារឲ្យអាចទៅសាលារៀន និងចូលរួមសកម្មភាពផ្សេងៗទៀតបានគឺលោកពិតជាមានការរីករាយ
ណាស់។ លោកបានសម្តែងនូវការអរគុណដល់អ្នកពាក់ព័ន្ធដែលបានសម្របសម្រួលឲ្យគម្រោងនេះដំណើរការសំដៅបម្រើ
ផលប្រយោជន៍ជូនកុមារពិការកម្ពុជា។
លោក កាតាណុ តូម៉ូយ៉ូគិ តំណាងឲ្យអង្គការអ្នកស្ម័គ្រចិត្តជប៉ុនសម្រាប់ការផ្តល់រទេះជនពិការក្រៅប្រទេស កោតសរសើរ
ដល់កិច្ចប្រឹងប្រែងរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសមាគមអតីតនិស្សិតកម្ពុជាទៅរៀននៅប្រទេសជប៉ុន ដែលបាន
សហការគ្នាបន្តដំណើរការគម្រោងនេះជាលើកទី៣។ លោកបានលើកឡើងថាអង្គការលោកមានកម្មវិធីផ្តល់រទេះរុញនិង
ឧបករណ៍នេះរយៈពេល១០ឆ្នាំមកហើយដែលបានផ្តល់រទេះរុញចំនួន ៣៥០០ គ្រឿងទៅប្រទេសចំនួន២១។ លោកបានប្រាប់
ឲ្យដឹងថានៅប្រទេសជប៉ុនកុមារពិការទទួលបានរទេះពីរដ្ឋាភិបាលដោយគ្រាន់តែចំណាយថវិកាមួយចំណែកតូចរបស់ខ្លួនតែ
ប៉ុណ្ណោះ កុមារអាចប្រើបានតែមួយរយៈនិងត្រូវផ្លាស់ទៅប្រើប្រាស់ថ្មីទៀតទៅតាមការលូតលាស់កាយសម្បទារបស់ខ្លួនជាហេតុ
នេះលើកទទួលសំណូមពរពីគ្រួសារកុមារពិការជប៉ុនទាំងនោះដែលចង់បរិច្ចាករទេះរុញឬឧបករណ៍ដែលកុមារពិការរបស់ខ្លួន
ឈប់ប្រើប្រាស់ជូនដល់កុមារពិការប្រទេសផ្សេងៗទៀត។ លោកក៍បានជម្រាបផងដែរថានៅប្រទេសជប៉ុនរទេះរុញឬឧបករណ៍
ទាំងនេះមានតម្លៃពី ២ ពាន់ទៅ ៣ពាន់ដុល្លាសហរដ្ឋអាមេរិកក្នុងមួយគ្រឿង។ លោកបានសំណូមពរថាបើត្រូវការគ្រឿងបម្លាស់
រទេះរុញនិងឧបរណ៍នេះសូមមេត្តាទំនាក់ទំនងនិងជូនព័ត៌មានទៅលោកភ្លាម។ ក្រៅពីនោះលោកបានស្នើសុំឲ្យអ្នកប្រើប្រាស់
និងអ្នកបច្ចេកទេសដែលពាក់ព័ន្ធសិក្សាស្វែងយល់អំពីផលប្រយោជន៍ ឬផលវិបាកនៃការប្រើប្រាស់ ការថែទាំ និងការជួសជុល
រួមទាំងគ្រួសារកុមារពិការផងដែរ។
ឯកឧត្តម លី សុវណ្ណរិទ្ធ អនុប្រធាន សមាគមអតីតនិស្សិតកម្ពុជាទៅរៀននៅប្រទេសជប៉ុន តំណាង ឯកឧត្តម កឹម គុណវឌ្ឍ
បានបង្ហាញពីប្រវត្តិដែលសមាគមបានទំនាក់ទំនងដំបូងអំពីតម្រូវការរទេះរុញនិងឧបករណ៍ទាំងនេះ តាំងពីឆ្នាំ២០០៩នៅពេល
ដែលសមាគមបានចូលរួមប្រជុំអាស៊ាននៅប្រទេសម៉ាឡេស៊ី។ លោកបានកោតសរសើរដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ
ដែលបានសម្របសម្រួលការងារនេះបានប្រកបដោយប្រសិទ្ធភាព។ លោកបានជម្រាបជូនផងដែរថារៀងរាល់ក្រោយពេលចែក
រទេះរុញនិងឧបករណ៍នេះជូនកុមារពិការ សមាគមនិងក្រុមប្រឹក្សាសកម្មភាពជនពិការតែងបានចុះវាយតម្លៃអំពីស្ថានភាពជាក់
ស្តែងលើការប្រើប្រាស់នៅមូលដ្ឋានផ្ទាល់។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សា
សកម្មភាពជនពិការតំណាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងបានយកចិត្តទុកដាក់
ដល់បងប្អូនជនពិការគ្រប់អាយុភេទដោយមិនមានការរើសអើងឡើយ។ នៅក្នុងបរិបទជាតិរាជរដ្ឋាភិបាលបានកសាងច្បាប់
និងគោលនយោបាយជាច្រើនដែលពាក់ព័ន្ធនិងផលប្រយោជន៍ជនពិការ និងនៅក្នុងបរិបទអន្តរជាតិទាំងក្នុងក្របខណ្ឌអនុ
តំបន់ តំបន់ និងពិភពលោក កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងក្របខណ្ឌការងារដែលទាក់ទងនិងពិការភាពតាម
រយៈចូលអនុម័ត ក៍ដូចជាផ្តល់សច្ចាប័នទៅលើលិខិតតុបករណ៍អន្តរជាតិថែមទាំងបាននិងកំពុងអនុវត្តយ៉ាងសកម្ម។
នៅក្នុងក្របខណ្ឌក្រុមប្រឹក្សាសកម្មភាពជនពិការយើងបានសហការជាមួយដៃគូអភិវឌ្ឍន៍នានាដើម្បីអនុវត្តគម្រោងផ្សេងៗ
ទៅតាមតម្រូវការជាក់ស្តែងរបស់ជនពិការដូចជាសហការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍ផែ្នកពិការភាពប្រចាំតំបន់អាស៊ីនិង
ប៉ាស៊ីហ្វិកដើម្បីអនុវត្តគម្រោងបរិស្ថានគ្មានពិការភាពនៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល និងគម្រោងនៅ
ថ្ងៃនេះជាដើម។
គួរបញ្ជាក់ផងដែរថាតាមរយៈកិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាសកម្មភាពជនពិការ និងអង្គការអ្នកស្ម័គ្រចិត្តជប៉ុន
សម្រាប់ការផ្តល់រទេះជនពិការក្រៅប្រទេស យើងបានផ្តល់រទេះរុញប្រភេទបែបនេះបាន៣លើកមកហើយ ដោយលើក
ទី១បានចែកជូនកុមារពិការកម្ពុជា ចំនួន៨០គ្រឿងកាលពីឆ្នាំ២០១០ លើកទីពីចំនួន៨០គ្រឿងកាលពីឆ្នាំ២០១២ និងលើក
ទី៣នេះគឺមានចំនួន១៦០គ្រឿងសរុបទាំងអស់មានចំនួន៣២០គ្រឿង។
លើកទី៣នេះរទេះកុមារពិការចំនួន ១៦០ គ្រឿងត្រូវបានចែកជូនទៅដល់ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា
ចំនួន៩ និងអង្គការចំនួន ៧ ដូចខាងក្រោម៖
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភូមិភាគខេត្តបាត់ដំបង | ចំនួន | ១៥ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ស្ពឺ | ចំនួន | ១២ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាភ្នំពេញ | ចំនួន | ០៨ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រះសីហនុ | ចំនួន | ០៦ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ឆ្នាំង | ចំនួន | ១០ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង | ចំនួន | ១៥ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ | ចំនួន | ១១ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តសៀមរាប | ចំនួន | ២៥ គ្រឿង |
មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម | ចំនួន | ២៥ គ្រឿង |
អង្គការEpic Arts | ចំនួន | 0២ គ្រឿង |
អង្គការមូលនិធិកុមារពិការ (KPF) | ចំនួន | ០៣ គ្រឿង |
អង្គការ មនុស្សលោកថ្មី (NH) | ចំនួន | ០៣ គ្រឿង |
អង្គការសាលាទន្សាយ | ចំនួន | ០៣ គ្រឿង |
អង្គការសាលាឡាវ៉ាឡា | ចំនួន | ០៤ គ្រឿង |
អង្គការដើម្បីភាពញញឹមនៃកុមារ | ចំនួន | ០២ គ្រឿង |
អង្គការដំណក់ទឹក | ចំនួន | ០៣ គ្រឿង |