អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព
ចុះផ្សាយ: ថ្ងៃទី10 ខែ09 ឆ្នាំ2020
ត្បូងឃ្មុំ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) និងរដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដល់សមាជិកក្រុមប្រឹក្សាសម្មភាពជនពិការខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និង ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងថា ទិសដៅជាយុទ្ធសាស្រ្តនៃផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩-២០២៣ ដោយផ្តោតទៅលើការងារ និងសន្តិសុខសេដ្ឋកិច្ច សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ការអប់រំនិងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ការបង្កលក្ខណៈងាយស្រួល ការចូលរួមដោយសមភាព សេវាយុត្តិធម៌ និងសិទ្ធិសេរីភាព សមភាពយេនឌ័រ ការកាត់បន្ថយហានីភ័យនិងផលប៉ះពាល់ដោយគ្រោះមហន្តរាយ កិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងស្ថិតិ។
ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជា បាននឹងកំពុងអនុវត្តនូវកម្មវិធីសហប្រតិបត្តិការ អូស្ត្រាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS) ដែលគាំទ្រដោយរដ្ឋាភិបាលអូស្រ្តាលី ក្នុងទិសដៅបង្កើននូវគុណភាពរស់នៅរបស់បងប្អូនជនពិការឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបន្ថែមថា រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុខុមាលភាព និងជីវភាព រស់នៅរបស់ជនមានពិការភាព និងបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ពិសេសច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ។ ផ្តើមចេញពីស្ថានភាពនេះហើយ ដែលខេត្តត្បូងឃ្មុំយើងត្រូវបានបង្កើតឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត សម្រាប់រដ្ឋបាលខេត្តក្នុងការគាំទ្រលើកទឹកចិត្ត និងជម្រុញការអនុវត្តការងាររបស់ មន្ទីរអង្គភាពជំនាញ ដែលពាក់ព័ន្ធនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងដៃគូអភិវអឌ្ឍន៍ក្នុងខេត្ត ដែលទាក់ទង នឹងវិស័យពិការភាពជាក់ស្តែងដូចជា ៖
- គណៈកម្មការគ្រប់គ្រងរបបគោលនយោបាយសម្រាប់ជនពិការក្រីក្រនៅតាមសហគមន៍ថ្នាក់ខេត្ត អនុកម្ម ការថ្នាក់ក្រុង/ស្រុក និងក្រុមការងារថ្នាក់ឃុំ/សង្កាត់។
- ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ខេត្ត ដែលជួយជម្រុញឲ្យការអនុវត្តវិស័យពិការភាពក្នុងខេត្តទទួល បានលទ្ធផលគួរឲ្យកត់សម្គាល់ដូចជា ៖ ជនពិការជាអតីតយុទ្ធជនកំពុងទទួលរបបគោលនយោបាយប្រចាំខែចំនួន ១,១៩២ នាក់ មានស្រី្ត ០១នាក់ ជនពិការក្រីក្រតាមសហគមន៍បានទទួលរបបឧបត្ថម្ភប្រចាំឆ្នាំ២០១៩ សរុប ២,០០៩នាក់ មានស្រី្ត ៩៦៥នាក់។ ព្រមជាមួយនេះដែរ ក៏មានផ្តល់នូវកញ្ចប់សម្ភារគ្រឿងឧបភោគបរិភោគ ដែលបានមកពី រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ចខេត្ត សាខាកាកបាទក្រហមខេត្ត មូលនិធិជនពិការ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ក្នុងខេត្ត សប្បុរសជន វត្តអារាម ជូនដល់ប្រជាពលរដ្ឋដែលមានស្ថានភាពជីវភាពក្រីក្រទៅតាមបណ្តា ស្រុកនីមួយៗ ដោយមិនឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ។ ជាពិសេស បានគាំទ្រ និងបង្កលក្ខណៈក្នុងការដាក់ហិបវិភាគទានសប្បុរសធម៌មូលនិធិជនពិការនៅតាមវត្តអារាម និង គ្រឹះស្ថានឯកជនបានចំនួន ២១ហិប ព្រមទាំងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យគាត់យល់ដឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការដល់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន គ្រឹះស្ថានឯកជនក្នុងខេត្តដើម្បីទទួល និង ជ្រើសរើសជនពិការឲ្យចូលបម្រើការងារទៅតាមអត្រាកំណត់។