អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការជំរុញការដាក់បញ្ជូលទិន្នន័យវិស័យពិការភាពក្នុងប្រព័ន្ធឌីជីថល
ចុះផ្សាយ: ថ្ងៃទី14 ខែ07 ឆ្នាំ2022
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានគាំទ្រ និងជំរុញការដាក់បញ្ចូលទិន្នន័យនានាពាក់ព័ន្ធនឹងវិស័យពិការភាពទៅក្នុងប្រព័ន្ធឌីជីថល ដោយថាដើម្បីជំរុញការអនុវត្តឱ្យបានជោគជ័យលើកកម្ពស់សិទ្ធិជនមានពិការភាព ជំរុញកម្មវិធីលើកកម្ពស់ជនមានពិការភាពគ្រប់រូបឱ្យទទួលបានផលពីសកម្មភាពនានារបស់សង្គមដោយមិនរើសអើង និងបង្កើនគុណភាពជីវភាពប្រចាំថ្ងៃរបស់ពួកគេ។
ថ្លែងក្នុងពិធីបើវគ្គបណ្ដុះបណ្តាលការបញ្ជូលទិន្នន័យនិងរបាយការណ៍លើកម្មវិធីបណ្ដាញ (Web Application) របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានថ្លែងថាប្រព័ន្ធវេប (Web application) នឹងជួយសម្រួលដល់ក្រសួង ស្ថាប័ន និងក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានី ខេត្ត ក្នុងការបញ្ជូនទិន្នន័យស្ថិតិ និងរបាយការណ៍អំពីការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព មកអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមូលដ្ឋានដ៏ចំបាច់សម្រាប់ប្រើធ្វើការវិភាគនិងវាយតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពទាំងមូល និងជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំរបាយកាណ៍ស្តីពីវឌ្ឍនភាពនៃវិស័យពិការភាព ឱ្យបានគ្រប់ជ្រុងជ្រោយជូនរាជរដ្ឋាភិបាល ក៏ដូចជាអង្គការសហប្រជាជាតិ។
ឯកឧត្តមបន្ថែមថានេះជាលើកទី២ហើយក្រុមប្រឹក្សាសកម្មភាពជនពិការបានបើកវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីពាក់ព័ន្ធនឹងវិស័យពិការភាពនៅកម្ពុជា និងសង្ឃឹមថាក្រោយពីបានបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបានចំណេះដឹងពីរបៀបនៃការដាក់បញ្ចូលទិន្នន័យកាន់តែច្បាស់លាស់ទៅក្នុងប្រព័ន្ធ។
ឯកឧត្តមថា៖ «ភារកិច្ចនិងការទទួលខុសត្រូវរបស់លោក លោកស្រី ក្នុងការដាក់បញ្ចូលទិន្នន័យនិងរបាយការណ៍ទៅក្នុងប្រព័ន្ធ (Web Application) ប្រកបដោយសុក្រឹត្យភាព ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភារកិច្ចរបស់ លោក លោកស្រី ការដាក់បញ្ចូលការដាក់បញ្ចូលទិន្នន័យនិងរបាយការណ៍អំពីការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះ ចូលរួមចំណែកយ៉ាងធំធេង ក្នុងការជំរុញការអនុវត្ត និងវាយតម្លៃនៃការអនុវត្តផែនការយុទ្ធសាស្រ្តេជាស្តីពីពិការភាព អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីពិការភាព និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិនានាសំដៅជំរុញបន្ថែមឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើបរិយាបន្នជនមានពិការភាពទៅក្នុងការអភិវឌ្ឍគ្រប់វិស័យនិងភាពស្មើភាពគ្នាក្នុងសង្គម»។
គួរឱ្យដឹងផងដែរថា ដើម្បីធ្វើការពិនិត្យតាមដានការចូលរួមអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣ ពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ នៅចុងឆ្នាំ២០២១ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ កសាងប្រព័ន្ធពិនិត្យតាមដាននិងវាតម្លៃលើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ដោយប្រព័ន្ធវេប (Web application) ក្នុងការប្រមូលទិន្នន័យស្ថិតិ និងរបាយការណ៍លើការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ដើម្បីចងក្រងប្រមូលទិន្នន័យបញ្ជូនមកកាន់ក្រុមប្រឹក្សាសកម្មភាពជនពិការវាយតម្លៃ ធ្វើការវិភាគ និងបញ្ចូលក្នុងធាតុចូលនៃរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃវិស័យពិការភាពរបស់កម្ពុជា៕