ការប្រកួតបច្ចេកវិទ្យាព័ត៌មានសម្រាប់យុវជនមានពិការភាព Global IT Challenge for Youth with Disabilities
កូរ៉េ៖ ការប្រកួតបច្ចេកវិទ្យាព័ត៌មានសម្រាប់យុវជនមានពិការភាព Global IT Challenge for Youth with Disabilities វគ្គដំបូងនឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលមានយុវជនជាជនមានពិការភាព ៣៥០នាក់នឹងត្រូវជ្រើសរើសចេញពីការប្រកួតនេះសម្រាប់ត្រៀមវគ្គផ្ដាច់ព្រ័តដែលនឹងប្រព្រឹតទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងចេញពីទីក្រុង yeouido ក្នុងសណ្ឋាគារ Glad សាធារណរដ្ឋកូរ៉េ។ ក្នុងឆ្នាំ២០២២ កម្ពុជាបានជ្រើសរើសនិងបញ្ជូនយុវជនមានពិការភាព ៦នាក់ទៅចូលរួមការប្រកួតនេះ។
នាយកប្រតិបត្តិនៃក្រុមហ៊ុន LG Electronics លោក Daesik Yoon បានកត់សម្គាល់ថា ក្នុងពេលដែលជំងឺកូវីដ-១៩ ត្រូវបានមើលឃើញថានឹងប៉ះពាល់យូរអង្វែងដូច្នេះការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានគឺរឹតតែមានសារៈសំខាន់ក្នុងជីវិតភាពរស់នៅរបស់មនុស្សជាតិ។ លោកសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសសម្រាប់យុវជនពិការជុំវិញពិភពលោកដើម្បីសម្រេចបាននូវក្តីសុបិន និងចំណង់ចំណូលចិត្តរបស់ពួកគេ។
លោកថា៖ « LG Electronics នឹងបន្តបំពេញនូវទំនួលខុសត្រូវសាជីវកម្មសង្គមរបស់ខ្លួន ដើម្បីអោយយុវជនដែលមានពិការភាពអាចប្រាស្រ័យទាក់ទងជាមួយពិភពលោកដោយស្មើភាព និងងាយស្រួលក្នុងការប្រើប្រាស់ IT »។
ប្រធានគណៈកម្មាធិការរៀបចំ GITC លោក Inkyu Kim បាននិយាយថា ២ឆ្នាំកន្លងមកនេះយុវជនមានពិការភាពបានរងផលប៉ះពាល់ជាច្រើនក្នុងសម័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះទោះជាយ៉ាងណាលោកសង្ឃឹមថាយុវជនមានពិការភាពនឹងចូលរួមការប្រកួតនេះ។
លោកថា៖ «យើងនឹងផ្តល់ឱ្យអស់ពីសមត្ថភាពរបស់យើងដើម្បីធ្វើការរៀបចំព្រឹត្តិការណ៍ដែលពាក់ព័ន្ធ ធ្វើឱ្យព្រឹត្តិការណ៍របស់យើងអាចក្លាយជាព្រឹត្តិការណ៍ព័ត៌មានវិទ្យា ដែលត្រូវបានអនុម័តដោយសហគមន៍អន្តរជាតិដោយការពង្រឹងស្តង់ដា និងយុត្តិធម៌របស់ខ្លួន ដូចជាវិធីប្រតិបត្តិការ ឬបទប្បញ្ញត្តិប្រតិបត្តិការព្រឹត្តិការណ៍ និងប្រព័ន្ធដាក់ពិន្ទុដោយស្វ័យប្រវត្តិ»។
នៅក្នុងការប្រកួត Global IT Challenge ឆ្នាំ២០២២ មានប្រទេស ១៨ចូលរួម និងកំណត់យកយុវជនមានពិការភាពចាប់ពីអាយុ១៤ឆ្នាំដល់២៣ឆ្នាំ ដែលមានពិការភាពភ្នែក គ-ថ្លង់ ពិការកាយសម្បទា និងពិការសតិបញ្ញា។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ក្រុមហ៊ុន LG និង លេខាធិការដ្ឋាន GITC ដែលបានរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ និងបានជំរុញដល់យុវជនដែលមានពិការភាពទូទាំងពិភពលោកជាពិសេសយុវជនកម្ពុជាបានចូលរួមការប្រកួតឱ្យខិតខំឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជម្នះ។
លោកថា៖ «ខ្ញុំស្នើឱ្យយុវជនមានពិការភាពទាំងអស់ដែលបានចូលរួមឆ្នាំនេះ ជាពិសេសយុវជនមានពិការភាពពីកម្ពុជាខិតខំប្រឹងប្រែងប្រកួតប្រជែងគ្រប់វិញ្ញាសារដើម្បីទទួលបានមេដាយជាកិត្តយសរបស់ខ្លួននិងប្រទេសជាតិ។ សូមយុវជនមានពិការភាពទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះ និងដណ្ដើមជ័យជម្នះសម្រាប់ខ្លួនឯងនិងប្រទេសជាតិ»។
គណៈកម្មាធិការរៀបចំការប្រកួតបានជ្រើសរើសការប្រកួតសរុបចំនួន៦វិញ្ញាសារសម្រាប់ឆ្នាំនេះ រួមទាំងការប្រកួតលក្ខណៈបុគ្គលចំនួន៣ និងការប្រកួតជាក្រុមចំនួន៣ ដែលក្នុងនោះអ្នកចូលរួមអាចចូលរួមទាំងជាបុគ្គលឬជាក្រុម។ ជាពិសេស 'eCreative_IoT Challenge' ត្រូវបានជ្រើសរើសជាការប្រកួតប្រជែងថ្មីមួយដែលឆ្លុះបញ្ចាំងពីនិន្នាការបច្ចេកវិទ្យាចុងក្រោយបំផុត។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាលនិងសុខុមាលភាពនៃសាធារណរដ្ឋកូរ៉េ និងក្រុមហ៊ុន LG និងឧបត្ថម្ភដោយគណៈកម្មាធិការរៀបចំ GITC និងក្រុមហ៊ុន LG Electronics អ្នកតាមដានការប្រកួតអាចតាមដានបានតាមពេលវេលាជាក់ស្តែងនៅលើបណ្ដាញសង្គម YouTube៕