ស្ទឹងត្រែងជាខេត្តគម្រូដែលបានចេញសេចក្តីជូនដំណឹងស្តីពីការដាក់បញ្ជូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព
ស្ទឹងត្រែង៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានគាំទ្រនិងកោតសរសើរចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានចេញសេចក្តីជូនដំណឹងស្តីពីការដាក់បញ្ជូលហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព ដោយស្នើទៅមន្ទីរ អង្គភាព ឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវអនុវត្ត។
ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារ នៅក្នុងវិស័យទេសចរណ៍» ព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តស្ទឹងត្រែង ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងកោតសរសើរការយកចិត្តទុកដាក់របស់ខេត្តស្ទឹងត្រែងទៅលើជនមានពិការភាពតាមរយៈការចូលរួម និងបានចេញសេចក្ដីណែនាំទៅស្ថាប័នចំណុះខេត្តឲ្យគិតគូរដល់ភាពងាយស្រួលរបស់ជនមានពិការភាពក្នុងស្ថាប័ន។
ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញបន្ថែមដល់ម្ចាស់ ឬអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ខារ៉ាអូខេ មជ្ឈមណ្ឌលកំសាន្តនានា សហគមន៍ ទេសចរណ៍ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ចូលរួមយកចិត្តទុកដាក់រៀបចំ នូវផាសុកវត្ថុ ឬការបង្កលក្ខណៈងាយស្រួល សម្រាប់ជនមានពិការភាព ចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកដែលមានកុមារតូច ដោយបង្កើតឲ្យមានចំណតយានយន្ត ស្លាកសញ្ញា ជំរាលដែលមានធ្នាក់ដៃ បន្ទប់ទឹក ដែលពួកគាត់ អាចប្រើប្រាស់បាន នៅទីតាំងអាជីវកម្មទាំងនោះ ដោយថាការធ្វើបែបនេះមិនមែនត្រឹមជួយ បង្កភាពងាយស្រួលទៅដល់ជនដែលមានពិការភាព និងអ្នកមានកម្សោយប៉ុណ្ណោះទេតែអាចជួយ សម្រួលដល់ការជញ្ជូនសម្ភារៈប្រើប្រាស់របស់ ម្ចាស់អាជីវកម្មទាំងនោះផងដែរ។
ឯកឧត្តមថា៖ «កុំគិតថាជនពិការ ទាំងអស់សុទ្ធតែមានជីវភាពក្រីក្រ គឺមានជនពិការមួយចំនួន មានជីវភាព លទ្ធភាពគ្រប់គ្រាន់ ក្នុងការស្នាក់នៅ និងហូបចុក ក្នុងផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានទំនើបៗដូចប្រជាពលរដ្ឋធម្មតាៗ»។
អភិបាលរងនិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តស្ទឹងត្រែង លោកជំទាវ កែវ សាវឿន បានលើកឡើងថា ជាការចូលរួមចំណែកដល់ការងារសង្គម រដ្ឋបាលខេត្តក៏បានជម្រុញ និងលើកទឹកចិត្តដល់ ការងារសមធម៌ យេនឌ័រ កិច្ចការសង្គម និងការលើកទឹកចិត្តជនពិការចូលរួមក្នុងសកម្មភាពនានាផងដែរ។
លោកជំទាវបាន ស្នើសុំដល់មន្ទីរទេសចរណ៍ខេត្ត រួមជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ វិស័យឯកជន ជួយគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀតដល់ជនពិការ ពិសេសជាស្ត្រី ក្នុងការផ្តល់ឱកាសដល់ពួកគាត់បានចូលរួមចំណែក ក្នុងកិច្ចការងារសង្គម និងការបង្កើតឱកាសការងារក្នុងសេវាកម្មទេសចរណ៍ដោយគ្មានការរើសអើង។
លោកជំទាវថា៖ «សូមវិស័យឯកជនជា ម្ចាស់អាជីវកម្ម ដែលមានវត្តមាននៅទីនេះ ផ្ដល់ឱកាសការងារដល់ជនពិការ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ពួកគាត់ និងជាចំណែកជួយដល់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ ឯកឧត្តម ហោ សារុន បានថ្លែងថា កន្លងមកក្រសួងទេសចរណ៍ក៏បានចេញសេចក្តីណែនាំមួយស្តីពីការចូលរួមលើកកម្ពស់សិទ្ធិជនមានពិការភាព ដោយក្នុងនោះក៏មានការលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀរហ្គាឌិនជួយបង្កលក្ខណៈងាយស្រួលអនុញ្ញាតឲ្យជនមានពិការភាពអាចចូលច្រៀងសម្តែងទស្សនីយភាពសិល្បៈខ្លីៗជាដើម ដើម្បីឲ្យពួកគាត់អាចដោះស្រាយជីវភាពបានសមរម្យ។
បន្ថែមលើនេះលោកជំទាវថា ក្រសួងក៏ជំរុញឲ្យមន្ទីរទេសចរណ៍ជំរុញការងារនេះឲ្យបានកាន់តែប្រសើរថែមទៀតដោយត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត និងក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹកចិត្តដល់ម្ចាស់ មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ដែលចូលរួមចំណែកជួយដល់ការកាត់បន្ថយភាពក្រីក្រជនមានពិការភាព តាមរយៈការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងថា វិស័យទេសចរណ៍នៅកម្ពុជាកំពុងតែ មានសក្តានុពលយ៉ាងខ្លាំង ហើយក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងព្រះរាជាណាចក្រកម្ពុជា ឱ្យបានរីកចម្រើនផងដែរ ជាមួយគ្នានេះ ការធ្វើវិនិយោគទុនចំពោះជនមានពិការភាពក្នុងវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់ក្នុងការលើកកម្ពស់អាជីពសមស្រប និងកំណើនការងារសម្រាប់ជនមានពិការភាពនៅកម្ពុជា រួមមាន អាជីវករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានម្ចាស់កន្លែងកំសាន្តជាដើម។
ក្រៅពីរម្លឹកពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រួលដល់ជនមានពិការភាពហើយ ឯកឧត្តមក៏បញ្ជាក់ផងដែរពីគោលនយោបាយរបស់រដ្ឋាភិបាលថា ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ដែលត្រូវគោរពអត្រាចូលបំរើការងាររបស់ជនមានពិការភាពគឺ២% សម្រាប់ក្រសួង ស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជននៃចំនួនបុគ្គលិកសរុប។
កាលពីថ្ងៃទី១៨ ខែសីហា អភិបាលខេត្តស្ទឹងត្រែងឯកឧត្តម ស្វាយ សំអ៊ាង ណែនាំតាមលិខិតមួយច្បាប់បានប្រាប់ដល់ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ទាំងអស់ ឱ្យយកចិត្តទុកដាក់ពង្រឹងការអនុវត្តលើគម្រោងសាងសង់ ក៏ដូចជាការពិនិត្យកែសម្រួលសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈនានាបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពអាចចេញ-ចូល ចុះ-ឡើងបានងាយស្រួលដោយសុវត្ថិភាព និងគ្មានឧបសគ្គ។
ការធ្វើបែបនេះគឺដើម្បីធានានូវសិទ្ធិរបស់ជនមានពិការភាពដែលត្រូវបានការពារដោយច្បាប់ជាតិ និងអន្តរជាតិ ហើយក៏ជាផ្នែកមួយនៃគោលនយោបាយអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ លុបបំបាត់ ការរើសអើងចំពោះជនមានពិការភាព។
រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ «ជនមានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាបន្នពិការភាពក្នុងគ្រប់វិស័យ និងការអភិវឌ្ឍ» និងបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ដំណាក់កាលទី១ និងទី២ ដោយបានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការសម្រាប់ថ្នាក់ជាតិ និងថ្នាក់រាជធានី-ខេត្ត ដើម្បីធ្វើជាយន្តការសម្របសម្រួល និងពិគ្រោះយោបល់លើបញ្ហាពិការភាពនិងមានតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់លើការបង្កើនការយល់ដឹង និងបញ្ជ្រាបបញ្ហាពិការភាពទៅក្នុងគ្រប់វិស័យ៕