ឯកឧត្តម ឯម ច័ន្ទមករា លើកទឹកចិត្តដល់មនុស្សគថ្លង់កុំអស់សង្ឃឹមខណៈរដ្ឋាភិបាលនឹងរកដំណោះស្រាយបន្ថែមទៀតដើម្បីជួយ
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC) ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងដោយជំរុញដល់ជនមានពិការភាពគថ្លង់កុំអស់សង្ឃឹម ខណៈរដ្ឋាភិបាលកំពុងចាត់វិធានការបន្ថែមទៀតដើម្បីជួយគាំទ្រដល់ពួកគាត់អាចចូលរួមក្នុងសង្គមបាន។
ថ្លែងតំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត ក្នុងទិវាមនុស្សគ-ថ្លង់កម្ពុជានិងអន្តរជាតិឆ្នាំ២០២២ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះ ឯកឧត្តម ឯម ច័ន្ទមករា បានលើកឡើងថា ជនមានពិការភាព ២ប្រភេទដែលអ្នកធ្វើការក្នុងវិស័យពិការភាពកម្ពុជាមានការបារម្ភ និងបង្កើនការយកចិត្តទុកដាក់នោះគឺមនុស្សខ្សោយសតិបញ្ញា និងដោនស៊ីនដ្រូម និងជនមានពិការភាពគថ្លង់។
ឯកឧត្តមថា៖ «ជាពិសេសនៅពេលដែលពួកគាត់អស់ពីអាណាព្យាបាលពួកគាត់ទៅនោះ នេះជាបន្ទុកមួយដ៏ធ្ងន់ធ្ងរណាស់ជាពិសេសក្រសួងសង្គមកិច្ចត្រូវយកចិត្តទុកដាក់ចំពោះចំណុចនេះ។ អំបាញ់មិញគ្រាន់តែមនុស្សគថ្លង់របស់យើងគាត់លើកឡើងពីអនាគតរបស់ពួកគាត់យើងមានអារម្មណ៍ថាសង្វេគ»។
ជនមានពិការភាពគថ្លង់ម្នាក់ឈ្នោះ គឹម ឃើង អាយុ ២៧ បានថ្លែងដោយប្រើភាសាកាយវិការដោយមានអ្នកបកជាជំនួយថា លោកធ្លាប់តូចចិត្ត ចាប់ផ្តើមគេចចេញពីហ្វូងមនុស្ស ចង់គេចចេញពីសហគមន៍ដោយសារគិតថាសហគមន៍បានបោះបង់លោកចោល និងលែងរវីវល់នឹងលោក តែលោកបានផ្លាស់ប្ដូរក្រោយពីឪពុកម្ដាយបញ្ជូនលោកទៅរៀននៅសាលាគ្រួសារថ្មី ដែលពេលនេះលោកអាចរកការងារធ្វើបាន និងបានធ្វើជាគ្រូស្ម័គ្រចិត្តបង្រៀននៅវិទ្យាល័យអប់រំពិសេសច្បារអំពៅផងដែរ។
លោកបានជំរុញដល់រដ្ឋាភិបាលជួយដោះស្រាយបញ្ហាប្រឈមរបស់ជនមានពិការភាពគថ្លង់ដែលរួមមានកង្វះសាលា កង្វះការងារ និងការលំបាកក្នុងការទំនាក់ទំនង។ ជាមួយគ្នានេះលោកក៏បានអរគុណដល់រដ្ឋាភិបាលផងដែរដែលបានធ្វើកិច្ចការជាច្រើនជួយសម្រួលដល់ការលំបាកជនមានពិការភាពតាំងពីដើមរហូតមកដល់ពេលនេះ។
អ្នកបកប្រែភាសាសញ្ញាបានបកចេញពីកាយវិការ លោក គឹម ឃើង មកថា៖ «ការយកចិត្តទុកដាក់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ ជាសេនាធិការឲ្យរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការលើកកម្ពស់សិទ្ធិជនមានពិការជាពិសេស ការធ្វើបរិយាបន្នមនុស្សគ-ថ្លង់ក្នុងការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវមុខរបរនិងវិស័យផ្សេងៗទៀតឲ្យពួកយើងខ្ញុំទទួលបានសិទ្ធិសេរីភាពពេញលេញ ស្មើភាព និងសេចក្តីថ្លៃថ្នូរ។ កក្តាទាំងនេះ បានធ្វើឲ្យការរើសអើង កិរិយាមើលងាយមើលថោកពីសគមន៍មកលើពួកយើងគ-ថ្លង់ដែលធ្លាប់មានពីមុនត្រូវបានកាត់បន្ថយ។ ពួកយើងមានសាលាភាសាសញ្ញា យើងអាចទទួលបានការអប់រំតាំងពីថ្នាក់បឋម ដល់ឧត្តមសិក្សា ពួកយើងទទួលបានព័ត៌មានខ្លះៗតាមរយៈ ទូរទស្សន៍របស់រដ្ឋ និងឯកជនមួយចំនួន។ ពួកយើងមានសមត្ថភាពធ្វើការងារ នឹងបើកអាជីវកម្មផ្ទាល់ខ្លួនដូចគេ ហើយអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារសេរីដោយស្មើភាព»។
អគ្គលេខាធិការរងក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម នេត អ៊ុន បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់បង្កើនគុណភាពគ្រូបង្រៀន ពង្រឹងគុណភាពអប់រំជនមានពិការភាព ដោយបានបង្កើតវិទ្យាស្ថានអបរំពិសេស ក្នុងទិសដៅបណ្តុះបណ្តាល គរុកោសល្យគ្រូសម្រាប់បង្រៀនជនមានពិការភាព ជាមួយនឹងសម្ភារៈគាំទ្រដល់ការសិក្សានិងបង្រៀនផងដែរ។
ឯកឧត្តមថា៖ «រាជរដ្ឋាភិបាលបំពាក់បន្ថែម ដូចជាម៉ាស៊ីនអក្សរប្រ៊ែល សម្រាប់អ្នកពិការភ្នែក និងមានឧបករណ៍ជំនួយការស្តាប់ផ្សេងៗទៀត សម្រាប់អ្នកខ្សោយការស្តាប់ និងពិការគថ្លង់។ជាងនេះទៀត ក្រសួងអប់រំ យុវជន និងកីឡា បានបោះពុម្ពមេរៀនជាភាសាសញ្ញានិងអក្សប្រៃយ៍ ចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៧ និងបន្តរៀបចំដល់អនុវិទ្យាល័យ វិទ្យាល័យ និងឧត្តមសិក្សា ដើម្បីជនពិការមានលទ្ធភាពសិក្សានិងស្រាវជ្រាវ»។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការឯកឧត្តម ឯម ច័ន្ទមករា ថានាពេលខាងមុខឯកឧត្តមនឹងគ្រោងនូវជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំដើម្បីពិភាក្សាពីការបង្កើនសាលាអប់រំដល់ជនមានពិការភាពនៅកម្ពុជា ដោយថាបញ្ហានៃការខ្វះសាលារៀនសម្រាប់ជនមានពិការគឺជាចំណុចដែលគ្រប់ភាគីទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់។
ជាមួយគ្នានេះឯកឧត្តមក៏បង្ហាញនូវក្ដីបារម្ភដែរចំពោះការខ្វះខាតគ្រូដែលអាចបង្រៀនអ្នកមានពិការភាពគថ្លង់ផងដែរ។
បច្ចុប្បន្នកម្ពុជាមានសាលាអប់រំជនមានពិការភ្នែកនិងគថ្លង់ ចំនួន ៥កន្លែង គឺនៅភ្នំពេញ ២កន្លែង បាត់ដំបង ១កន្លែង សៀមរាម ១កន្លែង និងកំពង់ចាម ១កន្លែង ដែលមានបុគ្គលិកសិក្សាសរុប ១៨២នាក់ ស្រី៩១នាក់ ក្នុងនោះបុគ្គលិកជាប់កិច្ចសន្យា ១៣នាក់ ស្រី ៧នាក់។
ក្នុងឆ្នាំសិក្សា២០២១-២០២២ មានសិស្សសរុប ៧៨៧នាក់ ស្រី ៣២៥ ក្នុងនោះសិស្សគថ្លង់ ៣៨៧ ស្រី ១៤៧។
តាមរបាយការណ៍នែជំរឿនប្រជាសាស្ត្ររបស់វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការឆ្នាំ២០១៩ បានបង្ហាញថា អត្រាជនមានពិការភាពទូទាំងប្រទេស ៤.៩% ស្មើនឹង ៦៨៩៥៣២នាក់ ស្រី ៤០២,៧៨៣នាក់នៃប្រជាជនសរុប ។ ប្រេវ៉ាឡង់ប្រភេទជនមានពិការភាពគថ្លង់មាន ២.៩% ស្មើនឹង ១៩៩៩៣នាក់ ដែលអត្រានេះ ឈរលំដាប់លេខ២ បន្ទាប់ពីពិការគំហើញ៕