ជនបង្គោលមកពីក្រសួង ស្ថាប័ន ចំនួន៤០ ទទួលបានការបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨
ចុះផ្សាយ: ថ្ងៃទី03 ខែ09 ឆ្នាំ2025
ជនបង្គោលមកពីក្រសួង ស្ថាប័ន ចំនួន៤០ ទទួលបានការបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពសពី ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលអំពីក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្ដផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនជនបង្គោលមកពីក្រសួង ស្ថាប័ន។ វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពី Mr. Shakeel Ahmad តំណាងរងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍសហប្រជាជាតិ ឯកឧត្តម ឌីន បូរី អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនិងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាជនបង្គោលមកពីក្រសួង ស្ថាប័នចំនួន ១១០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ វគ្គបណ្ដុះបណ្ដាលនេះសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងទូលំទូលាយអំពី ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ (National Disability Strategic Plan 2024-2028) ជាពិសេសផ្ដោតលើសូចនាករនានាដែលពាក់ព័ន្ធនឹងការងារក្រសួង ស្ថាប័ន ក៏ដូចគ្នាអំពីរបៀបអនុវត្តជាក់ស្តែងនៅក្នុងការប្រើប្រាស់ថ្នាលតាមដាននិងវាយតម្លៃឌីជីថលឱ្យមានប្រសិទ្ធភាព៕













ភាសាខ្មែរ
English



