ក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រារព្ធពិធីសាទរ ទិវាកុមារពិការ សតិបញ្ញា
មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការ មន្ត្រីអាជ្ញាធរ ពាក់ព័ន្ធក្នុងខេត្តកណ្តាល និងអង្គការដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ បានប្រារព្ធ ពិធីសាទរទិវាកុមារពិការសតិបញ្ញា នៅក្នុងមន្ទីរពេទ្យ បង្អែកជ័យជម្នះ ក្នុងក្រុងតាខ្មៅ ក្នុងបំណងលើកកម្ពស់ សិទ្ធិ និងស្វែងរកការចាប់អារម្មណ៍ ពីសាធារណជន ទូទៅទៅលើកុមារៗពិការផ្នែកសតិបញ្ញា ស្មារតី ឬហៅ ថា អូទីស៊ឹម និង ដោនសាំងដ្រូម។
ក្នុងពិធីនាព្រឹកមិញនេះ មានការអញ្ជើញចូលរួម ជាអធិបតីដោយលោក ហេង តៃគ្រី អនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ដាវ តាយ អភិបាលរងខេត្តកណ្តាល មន្ត្រីមកពីបណ្តាមន្ទីរពាក់ព័ន្ធក្នុងខេត្ត រួមទាំងមន្រ្តីអង្គការបំពេញបេសកកម្ម លើជនពិការជាច្រើនផ្សេងទៀត។
អាណាព្យបាលដែលមានកូនជួបបញ្ហាពិការ លើសតិបញ្ញាស្មារតីជាច្រើននាក់ ក៏បាននាំកូនៗរបស់ខ្លួនមកចូលរួមក្នុងពិធីនេះជាច្រើននាក់ផងដែរ។
លោក ហេង តៃគ្រី បានថ្លែងថា ជំងឺអូទីស៊ឹម គឺជាវិបល្លាសការអភិវឌ្ឍន៍ នៅក្នុងផ្នែកខួរក្បាល ដែលពាក់ព័ន្ធនិងមុខងារ អនុវត្តន៍ ដូចជាការរៀបចំ និងការធ្វើគម្រោងផែនការ, ធ្វើឲ្យមានការលំបាកលើញាណដឹង, ចាប់ផ្តើមកើតមានមុនអាយុ ៣ឆ្នាំ។ ជំងឺនេះ កើតមានលើកុមារតាំងពីកំណើត ហើយវាស្ថិតនៅលើបុគ្គលនោះអស់មួយជីវិត។ ដោយឡែកជំងឺ ដោនសាំងដ្រូម គឺត្រូវបានគេដឹងថា មុខដូចជនជាតិម៉ុងហ្គោលលី មានការយឺតយ៉ាវផ្នែករៀនសូត្រ និងការលូតលាស់ផ្នែករាង្គកាយ, បញ្ហានៅ ក្រូម៉ូសូមទី២១។
លោក ហេង តៃគ្រី បានបន្តថា ការប្រារព្ធទិវាយល់ដឹង ពីកុមារសតិបញ្ញា អូទីស៊ឹម និង ដោនសាំងដ្រូម ក្នុងគោលបំណង ដើម្បីបង្ហាញពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ និងគោរពសិទ្ធិជនពិការស្របតាមច្បាប់ស្តីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០០៩។
អភិបាលរងខេត្តកណ្តាល លោក ជាវ ដាវ បានថ្លែងថា មន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ បានសហការជាមួយមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារ និងមនុស្សពេញវ័យ ដើម្បីផ្តល់សេវាថែទាំងសុខភាពផ្លូវចិត្ត ដល់បុគ្គលិកសុខាភិបាល នៅតាមមណ្ឌលសុខភាព និងគ្លីនិក ផ្តល់ការព្យាបាលដោយចលនានៅតាមសហគមន៍ និងមជ្ឈមណ្ឌល ការបណ្តុះបណ្តាលស្តីពី ជំនាញសកម្មភាព ជីវភាពប្រចាំថ្ងៃ បណ្តុះបណ្តាលស្តីពីការព្យាបាល ដោយសកម្មភាព ការសង្រ្គោះពិការភាពទាន់ពេលវេលា ការព្យាបាលដោយសិល្បៈ ការផ្តល់ថ្នាក់បំប៉ន និងបណ្តុះបណ្តាលដល់កុមារអូទីស៊ឹម ឲ្យចេះពីការងារតាមលំដាប់។
ក្រុមអាណាព្យាបាល ដែលមានកូនជួបគ្រោះពិការ សតិបញ្ញាស្មារតីនេះ បានរៀបរាប់នូវទុក្ខលំបាករបស់ខ្លួន ដែលត្រូវចំណាយពេលតាំងពីកូនចាប់កំណើត រហូតដល់កូនវ័យ៦-៧ឆ្នាំអស់ហើយក៏នៅតែមិនអាចទុកពួកគេចោល បាននោះឡើយ។
ក្រុមអាណាព្យាបាល ក៏បានថ្លែងអំណរគុណដល់អង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ ដែលបានជួយបង្ហាត់បង្រៀន កូនៗរបស់គាត់ឲ្យគ្រប់គ្រងខ្លួនឯងបានមួយចំនួន។
ទោះបីជាយ៉ាងណា ក្រុមអាណាព្យាបាល បានទទូចផងដែរ ឲ្យរាជរដ្ឋាភិបាលផ្តោតការចាប់អារម្មណ៍ ឲ្យបានខ្លាំងទៅលើ ជនពិការ តាមរយៈការបង្កើតមណ្ឌលអប់រំ និងបណ្តុះបណ្តាលផ្សេងៗ ព្រោះបច្ចុប្បន្នពួកគាត់ពឹងផ្អែកតែលើក្រុមអង្គការសង្គមស៊ីវិលប៉ុណ្ណោះ។
ក្នុងពិធីប្រារព្ធទិវា យល់ដឹងពីកុមារសតិបញ្ញា អូទីស៊ឹម និង ដោនសាំងដ្រូម នាព្រឹកមិញ ក៏មានការរៀបចំឲ្យក្រុមកុមារៗពិការ ផ្នែកស្មារតី បានលេងល្បែងកម្សាន្តវាយក្អម ដណ្តើមរង្វាន់។ លោក ហេង តៃគ្រី បានដឹកនាំរៃអង្គាសប្រាក់ បានប្រមាណជា ២លានរៀល ផ្តល់ជូនកុមារពិការសតិបញ្ញាផងដែរ៕

ភាសាខ្មែរ
English










