UNDP ផ្តល់ថវិកា ៤៥ម៉ឺនដុល្លារ លើគម្រោងធ្វើឲ្យ ប្រសើរ ការរស់នៅ របស់ជនពិការកម្ពុជា
កម្មវិធីអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិ UNDP ប្រចាំនៅប្រទេសកម្ពុជា បានសម្រេចផ្តល់ជំនួយ ៤៥ ម៉ឺនដុល្លារ ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ លើគម្រោងធ្វើឲ្យប្រសើរនូវគុណភាពជីវិតរបស់ជនពិការ។ គម្រោងនេះ មានរយៈពេល ៣ឆ្នាំ ចាប់ពីខែមេសា ឆ្នាំ២០១៤នេះតទៅ។
អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលថា ថវិកាដែលជាជំនួយរបស់ UNDP នេះ នឹងធ្វើពិធីចុះហត្ថលេខាប្រគល់ និងទទួល ក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្តថា ថវិកាជំនួយ ត្រូវបានម្ចាស់ជំនួយរំពឹងថា នឹងជួយធ្វើឲ្យបានកាន់តែប្រសើរនូវ គុណភាពជីវិតរបស់ជនពិការនៅកម្ពុជា ជាពិសេសរំពឹងថា ជនពិការនឹងទទួលបានឱកាសបន្ថែម សម្រាប់ចូលរួម ក្នុងសង្គម សេដ្ឋកិច្ច វប្បធម៍ និងជីវិតនយោបាយ។ បន្ថែមពីលើនោះ ថវិកានេះ នឹងជួយជំរុញការអនុវត្តន៍ផែនការ យុទ្ធសាស្រ្តជាតិ២០១៤-២០១៨ លើវិស័យពិការភាព បានទាន់ពេលវេលាផងដែរ។
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការវ័យក្មេង ដែលត្រូវបានគេមើលឃើញសកម្មយ៉ាងសកម្ម និងស្និទ្ធស្នាលជាមួយក្រុមជនពិការនោះ ក៏បានប្រកាសដែរថា ដើម្បីធានាបានក្នុងប្រើប្រាស់ថវិកា ជំនួយឲ្យមានប្រសិទ្ធភាពសម្រាប់ជនពិការ លោកនឹងប្រើថវិកាដោយតម្លាភាព គណនេយ្យភាព ទាំងការដេញថ្លៃ និងការអនុវត្តន៍ប្រើប្រាស់ថវិកា។ ព្យាយាមធ្វើគ្រប់សកម្មភាពទាំងអស់ ឆ្លើយតបតម្រូវការផ្ទាល់របស់ជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានបញ្ជាក់ផងដែរ លោកនឹងបង្កើតគណៈកម្មការជំនាញក្នុងការតាមដាន និងប្រមូលព័ត៌ មានស្តីពីសកម្មភាពជនពិការ។
ឯកឧត្តម បានថ្លែងប្រកាសបង្ហាញឆន្ទៈរបស់ខ្លួនយ៉ាងដូច្នេះ «ជាឆន្ទៈយើងនឹងខិតខំធ្វើយ៉ាងណា ឲ្យគម្រោងទទួល បានជោគជ័យតាមរយៈធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួងតាមរយៈការចុះផ្ទាល់ និងសិក្សាពីសកម្មភាព ជនពិការ និងខិតខំព្យាយាមធ្វើទំនាក់ទំនងការទូតជាមួយអង្គការសហប្រជាជាតិ និងអង្គការពិការភាព ដើម្បីឲ្យពួក គេជួយយើង ឲ្យមានសមត្ថភាពបន្ថែមឡើង។ នេះជាឆន្ទៈមួយថ្មីធ្វើម៉េចឲ្យការចាយថវិកា ៤៥ម៉ឺនដុល្លាររយៈពេល ៣ឆ្នាំហ្នឹង ទទួលបានជោគជ័យ»។
យោងតាមជំរឿនប្រជាជនឆ្នាំ២០១៣ បានបង្ហាញថា ជនពិការនៅកម្ពុជា មានរហូតដល់ទៅជាង ៣០ម៉ឺននាក់ គឺស្មើនឹងប្រមាណ ២,០៦ភាគរយ នៃចំនួនប្រជាជនសរុប។ របាយការណ៍ថ្មីនេះ បានបង្ហាញថា ជនពិការបានកើនឡើងរហូតដល់ទៅជាង ១០ម៉ឺននាក់ បើធៀបនិងជំរឿនឆ្នាំ២០០៨ ដែលមានជិត ២០ម៉ឺននាក់។
រាជរដ្ឋាភិបាល ត្រូវបានគេមើលឃើញថា បានធ្វើសកម្មភាពជាច្រើនផងដែរ ក្នុងបំណងលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ជនពិការ តែទោះជាយ៉ាងការទទួលបានរបស់ជនពិការនៅតែមានកម្រិត ហើយជនពិការកម្ពុជាក៏កំពុងប្រឈមនឹងបញ្ហាជាផលលំបាកក្នុងជីវិតជាច្រើនផងដែរ។ បញ្ហានេះ គឺទាមទាររាជរដ្ឋាភិបាល ត្រូវបង្កើនការយកចិត្តទុកដាក់ឲ្យបានកាន់តែខ្លាំងថែមទៀត ដើម្បីជនពិការអាចរស់នៅក្នុងសង្គម ដោយស្មើមុខស្មើមាត់ ដូចជនមិនពិការ បើមិនមានការជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ឲ្យបានខ្លាំងទេនោះ ជនពិការក៏ជាឧបស័គ្គក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។
ដើម្បីជំរុញបញ្ហា ដែលសេសសល់ ឯកឧត្តម ឯម ច័ន្ទមករា បានសម្តែងការរំពឹងរបស់ខ្លួនថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅគ្រប់ក្រសួងស្ថាប័នបង្កកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែប្រសើរថែមទៀត ជាមួយអ្នកអនុវត្តន៍ផ្ទាល់លើវិស័យ ពិការរភាពនេះ។
ឯកឧត្តមថ្លែងយ៉ាងដូច្នេះ «បើកាលណាថ្នាក់ដឹកនាំនៅលើ និងថ្នាក់ក្រោមជាតិ មិនទាន់បានស៊ីសង្វាក់គ្នាទេ ផែនការ នេះឯង មានការលំបាកក្នុងការអនុវត្តន៍ដែរ ចឹងសំខាន់បំផុតទាមទារឲ្យមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ ក្រសួងស្ថាប័នទាំងអស់»។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានសម្តែងការរំពឹង យ៉ាងកក់ក្តៅថា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ឯកឧត្តម វង សូត ប្រធានក្រុម ប្រឹក្សាសកម្មភាពជនពិការ នឹងបន្តជំរុញការងារពិការភាពកាន់តែខ្លាំងក្លាថែមទៀត៕