ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី អិុត សំហេង អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង រវាងក្រុមប្រឹក្សាសកម្មភាពជនពិការ ជាមួយទីភ្នាក់ងារអូស្រ្តាលីដើម្បីអភិវឌ្ឍអន្តរជាតិ ក្នុងការផ្តល់ជំនួយថវិកា ដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ
កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបណ្ឌិត អិុត សំហេង រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញជាអធិបតី ក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាសកម្មភាពជនពិការ ក.ស.ជ ជាមួយទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍអន្តរជាតិ AusAID ក្នុងការផ្តល់ជំនួយថវិកាដល់ ក.ស.ជ សម្រាប់សកម្មភាពឆ្នាំ ២០១៣ ។
មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក.ស.ជ បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះទីភ្នាក់ងារអូស្ត្រាលីដើម្បីអភិវឌ្ឍអន្តរជាតិ AusAID ដែលកន្លងមកតែងតែផ្តល់នូវការគាំទ្រ ក្នុងការលើកស្ទួយវិស័យពិការភាពនៅកម្ពុជា ជាក់ស្តែង ចំពោះវឌ្ឍនភាពលើគ្រប់វិស័យ ដែលទទួលបាននាពេលបច្ចុប្បន្ននេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប៉ុន្តែក្នុងនោះក៏មិនអាចខ្វះបាននូវការរួមវិភាគទានទាំងផ្នែក ហិរញ្ញវត្ថុ និងបច្ចេកទេស ពីសំណាក់អង្គការដែលជាដៃគូនានា ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្រុមប្រឹក្សាសកម្មភាពជនពិការ ពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការជម្រុញវិស័យពិការភាពនៅកម្ពុជាឲ្យមានដំណើរការទៅមុខ ជាពិសេស ក្រោយពេលដែលកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការរបស់អង្គការសហប្រជាជាតិ និងស្របតាមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីពេលថ្មីៗនេះ គឺផែនការការងាររបស់ ក.ស.ជ ពិតជាមានច្រើន ហើយក្នុងនោះ ក៏មានក្រសួងស្ថាប័ន និងអង្គការជាដៃគូនានា បានចាប់អារម្មណ៍ចំពោះផែនការការងារសម្រាប់ឆ្នាំ២០១៣ នេះផងដែរ ។
លោក ប៉ូល គៀត ទីប្រឹក្សាផ្នែកអភិវឌ្ឍ សហប្រតិបត្តិការរបស់ AusAID មានប្រសាសន៍ថា ប្រទេសអូស្ត្រាលី គឺបានបង្កើននូវការផ្តល់ជំនួយទៅលើវិស័យពិការភាពជាបន្តបន្ទាប់ នៅក្នុងតំបន់ ជាពិសេស អូស្ត្រាលី បានចាត់ទុកកម្ពុជា គឺជាប្រទេសគោលដៅមួយ ក្នុងចំណោមប្រទេសគោលដៅសំខាន់២ នៅក្នុងការអនុវត្តគោលនយោបាយដាក់បញ្ចូលវិស័យពិការភាពទៅក្នុងការ អភិវឌ្ឍ ។
លោក ប៉ូល គៀត បានបន្តទៀតថា ដោយមើលឃើញថា កម្ពុជាមានការបោះជំហានឆ្ពោះទៅមុខ និងឈានមុខគេក្នុងតំបន់នៅក្នុងការអនុវត្តសិទ្ធិជនពិការ តាមរយៈការបង្កើតច្បាប់ស្តីពីសិទ្ធិជនពិការ ក៏ដូចជាការ ផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលទាំងនេះធ្វើឲ្យ AusAID មានឆន្ទៈក្នុងការជួយគាំទ្រលើវិស័យ ពិការនៅកម្ពុជាបន្ថែមទៀត ក្នុងគោលបំណងដើម្បីជម្រុញឲ្យក្រុមប្រឹក្សាសកម្មភាពជនពិការ អនុវត្តនូវកម្មវិធីរបស់ AusAID ក៏ដូចជាជម្រុញឲ្យប្រទេសកម្ពុជា អភិវឌ្ឍទៅលើវិស័យពិការភាពឲ្យកាន់តែមានលក្ខណៈប្រសើរឡើងថែមទៀត ។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសកម្មភាពជនពិការ បានទទួលថវិកាពី AusAID ចំនួន ២លើករួចមកហើយ ដែលលើកទី ១ មានទឹកប្រាក់ចំនួន ៤៦.៩៣៨ ដុល្លាអាមេរិច និងលើកទី ២ មានទឹកប្រាក់ចំនួន ៤៧៣.២២៥ ដុល្លាអាមេរិច ដោយឡែកថ្ងៃនេះគឺជាលើកទី៣ ដែលក្រុមប្រឹក្សាសកម្មភាពជនពិការ បានទទួលជំនួយឧបត្ថម្ភពី AusAID ដែលមានទឹកប្រាក់សរុបចំនួន ១៥៣.០០០ ដុល្លាអាមេរិច ដើម្បីអនុវត្តនូវសកម្មភាពការងាររយៈពេល ៩ខែ ចាប់ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៣ ។
តមក លោក ឯម ច័ន្ទមករា លេខាធិការនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ប៉ូល គៀត ទីប្រឹក្សាផ្នែកអភិវឌ្ឍសហប្រតិបត្តិការរបស់ AusAID បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជំនួយដល់ក.ស.ជ សម្រាប់សកម្មភាពឆ្នាំ ២០១៣ ដែលមានទឹកប្រាក់ស្មើនឹង ១៥៣.០០០ ដុល្លាអាមេរិចគត់ ៕