សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភប្រាក់ ៥ ម៉ឺនដុល្លារ សាងសង់មណ្ឌល «សមាគម តន្ត្រីសំនៀងជនពិការ»
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥នេះថា សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកា ៥ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ជួយសាងសង់មណ្ឌល សមាគម តន្រ្តីសំនៀង ជនពិការ ធ្វើជាជម្រកស្នាក់នៅ ក៏ដូចជាបណ្តុះបណ្តាលជនពិការដទៃទៀត ឲ្យមានជីវិតសមរម្យក្នុងសង្គម ជៀសវាង ការប្រកបរបរនាំឲ្យសង្គមស្អប់ខ្ពើម ។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបញ្ជាក់ទៀតថា ដំណឹងនៃការផ្តល់ក្តីសណ្តោសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះ ជនពិការនេះ លោកបានទទួលពីខាងខុទ្ទកាល័យរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី៦ ខែមិថុនានេះ ។
បន្ទាប់ពីទទួលបានដំណឹងឧបត្ថម្ភនេះ ឯកឧត្តម ឯម ច័ន្ទមករា ដែលតែងតែបានជ្រោមជ្រែង និងយកចិត្តទុកដាក់ចំពោះ សកម្មភាពជនពិការ បានសម្តែងសេចក្តីត្រេកអររំភើបរីករាយពន់ពេក ចំពោះថ្នាក់ដឹកនាំប្រទេស ដែលបានយកចិត្តទុក ដាក់យ៉ាងខ្លាំងក្លាបំផុត លើជនពិការ កុមារកំព្រា ជនក្រីក្រ។ សកម្មភាពនេះ បង្ហាញឲ្យឃើញយ៉ាងប្រត្យក្ស នូវក្តី អាណិតស្រឡាញ់ ចំពោះបងប្អូនជនពិការពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
លោកអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការរូបនោះ បានថ្លែងឲ្យដឹងទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនដុល្លារ សម្រាប់ការសាងសង់មណ្ឌលឲ្យជនពិការ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងរៀបចំប្រគល់នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ដើមសប្តាហ៍ក្រោយនេះ ៕