ក្រុមជនពិការ រំភើប រហូតស្រក់ទឹកភ្នែក ក្រោយទទួល បានពន្លឺជីវិតថ្មី ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ទឹកប្រាក់ ៥ម៉ឺនដុល្លារ ដែលជាការឧបត្ថម្ភ ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវ បានប្រគល់ដល់ដៃជនពិការសមាគមតន្ត្រីសំនៀងជនពិការហើយ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីផ្តល់លទ្ធភាពឲ្យពួកគេបញ្ចប់ការសាងសង់មណ្ឌលស្នាក់នៅ និងធ្វើការបណ្តុះបណ្តាលជំនាញផ្សេងៗ សម្រាប់ជនពិការកម្ពុជា។ ទឹកប្រាក់ ៥ម៉ឺនដុល្លារ ដែលជាការផ្តល់ពន្លឺជីវិតថ្មី និងក្តីសង្ឃឹមថ្មីនេះ បានធ្វើឲ្យក្រុមជនពិការរំភើបរហូតស្រក់ទឹកភ្នែក។
ពិធីប្រគល់ប្រាក់ឧបត្ថម្ភ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោក ស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។ ក្នុងពិធីប្រគល់ប្រាក់ឧបត្ថម្ភនោះ លោកស្រី ពុំ ចន្ទីនី ក៏ បាននាំយកការផ្តាំផ្ញើរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សួរសុខទុក្ខ និងកើតសរសើរជាខ្លាំង ចំពោះក្រុមជនពិការ ដែលខិតខំតស៊ូក្នុងជីវិត ដើម្បីរស់នៅក្នុងសង្គមដោយថ្លៃថ្នូរ និងស្មើមុខស្មើមាត់ ដូចជនមិនពិការ។
ក្រុមជនពិការ ២៧រូប នៃសមាគមតន្ត្រីសំនៀងជនពិការ ដែលខ្លះពិការភ្នែកទាំងសងខាង និង ខ្លះទៀតពិការដៃ ពិការជើង ពួកគេបានសម្តែងក្តីរំភើបរីករាយ រហូតអួលដើមកគ្រប់ៗគ្នា បន្ទាប់ពីទទួលបានការផ្តល់ពន្លឺជីវិតថ្មីពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីពួកគេតស៊ូប្រយុទ្ធនឹងឧបសគ្គនៅក្នុងជីវិត។
លោក ចាប់ តូ បុរសពិការភ្នែកទាំងសងខាងមកពីក្រុងបាវិត ខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទាំងសំឡេងអួលដើមកថា «បងពួកខ្ញុំទាំងអស់គ្នាជាជនពិការស្ទើគាំបេះដូង រំភើបគ្មានអ្វីប្រៀបផ្ទឹម បានទេបង នៅពេលឮដំណឹងសម្តេចកិត្តិព្រឹទ្ធបណ្ដិត លោកមេត្តាសណ្តោសប្រណីផ្តល់ថវិកា ៥ម៉ឺនដុល្លារឲ្យ ពួកខ្ញុំសាងសង់មណ្ឌលសម្រាប់ស្នាក់នៅ។ ជំនួយឧបត្ថម្ភនេះ ជាការផ្តល់ពន្លឺជីវិត ដ៏ធំធេងសម្រាប់ពួកខ្ញុំជាជន ពិការ»។
ចាប់ តូ បានបង្ហាញក្តីរំពឹងថា មណ្ឌល «សមាគមតន្រ្តីសំនៀងជនពិការ» ដែលនឹងបង្ហាញរូបរាងឡើងក្រោមការ ឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជា នឹងក្លាយជាមណ្ឌលផ្តល់ពន្លឺជីវិតថ្មីសម្រាប់ជនពិការ តាមរយៈការបណ្តុះប ណ្តាលជំនាញផ្សេងៗ ដូចជា តន្ត្រី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និង ល្ខោនអប់រំ។ ចាប់ តូ ក៏បានប្រកាសប្រមូល ជនពិការដទៃទៀតមកជ្រកកោណក្នុងមណ្ឌល ដើម្បីពួកគេចៀសផុតពីរបរមួយចំនួន ដែលសង្គមមិនគាំទ្រ។
ក្រុមជនពិការ ដែលចងក្រងគ្នាជាសមាគម «តន្រ្តីសំនៀងជនពិការ» តាំងពីឆ្នាំ២០១២ ដើម្បីស្វែងរកប្រាក់ចិញ្ចឹម ជីវិតតាមរយៈការបង្ហើសំនៀងស្វែងសម្បុរសធម៌គ្រប់ទីកន្លែង និងច្រកល្ហកនេះ បានសម្តែងការថ្លែងអំណរគុណ ចំពោះទឹកចិត្តប្រកបដោយព្រហ្មវិហាធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមបី បាច់ថែរក្សាក្រុមគ្រួសារសម្តេច បានជួបតែសេចក្តីសុខគ្រប់ពេលវេលា។
លោកស្រី ញ៉ែម មរកត ដែលជាម្តាយធម៌របស់ជនពិការទាំង ២៧នាក់ និងធ្លាប់ជួយសម្របសម្រួលអន្តរាគមន៍ ដោយយកចិត្តទុកដាក់បំផុតរាល់ពេលពួកគេជួបទុក្ខលំបាក ក៏បានសម្តែងក្តីរំភើបរីករាយផងដែរ នៅពេលទទួល បានការជួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ លោកស្រី បន្តថា កាយវិការដ៏ឧត្តុងឧត្តមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុន សែន បង្ហាញឲ្យឃើញថា សម្តេចបានយកចិត្តទុកដាក់គ្រប់ពេលវេលា ចំពោះសុខទុក្ខរបស់ជនពិការ នៅកម្ពុជា។
ក្នុងឱកាសនេះ លោកស្រី ញ៉ែម មរកត ក៏បានថ្លែងរិះគន់លោកជំទាវ និងបុគ្គលមួយចំនួន ដែលពួកគេមិនត្រឹម តែមិនជួយជ្រោមជ្រែងដល់ជនពិការនោះទេ តែបែរជាពេបជ្រាយចំពោះសកម្មភាពរបស់ជនពិការនិងសកម្មភាព របស់ លោកស្រី ដែលជួយដល់ជនពិការថែមទៀតផង។
លោកស្រី ញ៉ែម មរកត បានអំពាវនាវឲ្យលោកជំទាវទាំងនោះ បញ្ឈប់ការរើសអើងលើជនពិការ ដែលរាជរដ្ឋាភិ បាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កំពុងយកចិត្តទុកដាក់ និង លើកកម្ពស់សិទ្ធិរបស់ពួកគេ។
លោកស្រី ពុំ ចន្ទីនី បានគូសបញ្ជាក់ថា សកម្មភាពរបស់សប្បុរសជននានា មិនបង្កទំនាស់ដល់កាកបាទក្រហម កម្ពុជានោះទេ ហើយកាកបាទក្រហម ក៏លើកទឹកចិត្តដល់សប្បុរសជននានា បន្តសកម្មភាពជួយគាំទ្រ និងជ្រោម ជ្រែងបន្ថែមទៀត ដល់ជនពិការកម្ពុជា។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ដែលតែងតែជួយជ្រោមជ្រែងយ៉ាងខ្លាំងលើ សកម្មភាពរបស់ជនពិការនៅកម្ពុជា ក៏បាននាំយកការផ្តាំផ្ញើរបស់លោក វង សូត ប្រធានក្រុមប្រឹក្សាសកម្មភាព ជនពិការ សម្តែងការថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្តល់ការសណ្តោស ប្រណី ឧបត្ថម្ភថវិកា ដ៏ថ្លៃថ្លា ដល់សមាគសំនៀងតន្ត្រីជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា បញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោ នាយករដ្ឋ មន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបាន យកចិត្តទុកដាក់ជាប់ជានិច្ចអំពីសុខទុក្ខរបស់ជនពិការ កុមារកំព្រា ជនអនាថា ជនក្រីក្រគ្មានទីពឹង មិនថារស់នៅ ទីក្រុង ឬទីជនបទ សម្តេចទាំងទ្វេតែងចុះជាប់ជាមួយ និងបានផ្តល់នូវក្តី អាណិត ស្រលាញ់ មេត្តាករុណាដល់បង ប្អូនជនងាយរងគ្រោះទាំងអស់ គ្រប់ទីកន្លែងគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ក្រុមជនពិការ នៃសមាគមតន្ត្រីសំនៀងជនពិការ បានសម្រេចនាំគ្នាសាងសង់មណ្ឌលមួយកន្លែង ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទំហំ២៥ម៉ែត្រ គុណ ៤១ម៉ែត្រ អាចឲ្យជន ពិការស្នាក់នៅបានពី ១០០ ទៅ ១៥០នាក់។ មណ្ឌលនេះ មានបន្ទប់ស្នាក់នៅចំនួន២០ ទំហំ ៦ គុណ ៦ម៉ែត្រ បន្ទប់ទឹក ចំនួន ១០ និងបង្គន់អនាម័យចំនួន១០។
ការសាងសង់មណ្ឌលនេះឡើង គឺក្នុងបំណងផ្តល់ទីជម្រកស្នាក់នៅមួយដ៏សមរម្យសម្រាប់ជនពិការកម្ពុជា។ បើ តាម លោក ចាប តូ ការសាងសង់មណ្ឌលនេះ ធ្វើឡើងបន្ទាប់ពីពួកគេតែងរងការប្រមាថមើលងាយផ្សេងៗពីសំ ណាក់ម្ចាស់ផ្ទះជួល ដែលពួកគេបានទៅជួលស្នាក់នៅនាពេលកន្លងទៅ។
លោក ចាប តូ បានបញ្ជាក់ថា មណ្ឌលនេះក្រៅពីការផ្តល់កន្លែងស្នាក់នៅហើយនោះ ក៏ជាថ្នាល់ផ្តល់ពន្លឺជីវិតថ្មី សម្រាប់ជនពិការផងដែរ តាមរយៈការបណ្តុះបណ្តាលតន្រ្តី បង្រៀនម៉ាស្សា អក្សរប្រ៊ែល និង ល្ខោនអប់រំ ហើយ ក៏ មានសាងសង់ឆាកតន្រ្តី ដើម្បីប្រគុំស្វែងរកថវិកា ក៏ដូចជាប្រគុំជូនភ្ញៀវទស្សនា ពេលពូកគេទៅទស្សនកិច្ចនៅ ក្នុង មណ្ឌលនេះផងដែរ៕