ឯកឧត្តម ឯម ច័ន្ទមករា គាំទ្រក្រុមតន្រ្តីជនពិការ ប៉ុន្តែត្រូវរកកន្លែងប្រគុំតន្រ្តីឲ្យបានសមរម្យ ព្រមទាំងរកប្រាក់ចំណូលបានទៀតផង
បន្ទាប់ពីមានការស្នើសុំពីសំណាក់អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស ដើម្បីឲ្យបងប្អូនក្រុមជនពិការ ឈប់ប្រគំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុប និងតាមទីសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះ, នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ, ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការសកម្មភាពជនពិការ បានថ្លែង ឲ្យដឹងថា នៅសប្តាហ៍ក្រោយ រូបលោក និងជួបពិភាក្សាការងារជាមួយខាងសាលារាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូនបងប្អូនពិការ ដែលអាចឲ្យរស់នៅក្នុងជីវភាព ប្រកបដោយសេចក្តីថ្លៃថ្នូរ បន្ទាប់ពីឈប់ប្រគំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុប និងតាមទីសាធារណៈ។
អគ្គលេខាធិការរូបនោះបានបញ្ជាក់ថា កន្លងមកក្រោមការណែនាំពីឯកឧត្តម វង សូត្រ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដល់បងប្អូនជនពិការ និងសិល្បៈករ សិល្បការីនីជនពិការគ្រប់ប្រភេទ ហើយក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏បានធ្លាប់លើក ទឹកចិត្ត ពីការបញ្ចេញសមត្ថភាពគ្រប់វេទិកា ឬឆាកតន្ត្រីផងដែរ។ ជំនាញសិល្បៈយ៉ាងពិតប្រាកដរបស់បងប្អូនជនពិការ បាននឹងកំពុងធ្វើឱ្យ សាធារណៈជនមានការចាប់អារម្មណ៍ពីភាពប៉ិនប្រសព្វ និងភាពពូកែឈ្លាសវៃរបស់ជនពិការកម្ពុជាយើង។
កន្លងមកអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ធ្លាប់បានធ្វើការកោះប្រជុំជាមួយសមាគមន៍តន្រ្តីជនពិការ និងអង្គការក្រុមតន្រ្តីជនពិការ ២ដងរួចមកហើយ ដើម្បីដោះស្រាយបញ្ហាខាងលើនេះ, ស្របតាមការណែនាំ និងប្រកាសជាផ្លូវការរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ចំពោះបងប្អូនជនពិការណាដែលខ្វះខាត ក្រខ្សត់ ដោយលើកទឹកចិត្តទៅរស់នៅក្នុងមជ្ឈមណ្ឌល និងផ្តល់ថវិការចំនួន៥០០០រៀលក្នុងមួយថ្ងៃផងដែរ។
ជារួមពាក់ព័ន្ធនឹងករណីខាងលើនេះ ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ និងអះអាងថា ករណីបងប្អូនជនពិការប្រគុំតន្រ្តីនៅតាមស្តុប និងទីសាធារណនេះគឺខាងក្រសួង និងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជនពិការបានគិតគូរ និងរកដំណោះស្រាយលើបញ្ហានេះណាស់។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងខ្ញុំគាំទ្រឱ្យក្រុមតន្ត្រីជនពិការទាំងអស់ ស្វែងរកកន្លែងប្រគុំតន្ត្រីដែលមានសុវត្ថិភាព សេចក្តីថ្លៃថ្នូ និងអាចរកប្រាក់ចំណូលបានច្រើន ដូចជាតាមភោជនីដ្ឋាន កម្មវិធីកំសាន្ត ឬពិធីមង្គលផ្សេងៗ ជាជាងការប្រគុំតន្ត្រីនៅតាមទីសាធារណៈ ពិសេសតាមស្តុបនានា ដែលមានហានិភ័យខ្ពស់ រំខានដល់ការធ្វើដំណើរពីប្រជាពលរដ្ឋនានា និងភ្ញៀវទេសចរបរទេស ពិសេសការកកស្ទះចរាចរណ៍និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តនានា។ យើងខ្ញុំសង្ឃឹមថា ក្រុមតន្ត្រីជនពិការទាំងអស់ នឺងទទួលបានការគាំទ្រដោយគ្មានការរើសអើងពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់»។
សូមជំរាបថា នាពេលថ្មីៗនេះអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានស្នើទៅដល់ក្រុមជនពិការ ឈប់ប្រគំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុប និងតាមទីសាធារណៈ ដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។
សំណើរបស់លោក ប៉ា សុជាតិវង្ស បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីឧត្តមសេនីយយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌទាំង១២ផងដែរ៕