សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកភាពសម្រេចមិនឲ្យបងប្អូនជនពិការ ប្រគុំតន្រ្តីនៅតាមភ្លើងស្តុប
ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសាលារាជធានីភ្នំពេញ ឯកភាពសម្រេចមិនឲ្យជនពិការប្រគុំតន្រ្តីតាមភ្លើងស្តុបប៉ុន្តែធានារកការងារសមរម្យជូនជនពិការ!
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងសាលារាជធានីភ្នំពេញ បានឯកភាពសម្រេច មិនឲ្យបងប្អូនជនពិការប្រគុំតន្រ្តីរ៉ៃអង្គាសប្រាក់នៅតាមភ្លើងស្តុបទៀតនោះទេ ដើម្បីរក្សាសន្តាប់ធ្នាប់ទីសាធារណៈ ប៉ុន្តែនឹងជួយរៀបចំបណ្តុះបណ្តាល និងជួយរកការងារឲ្យបងប្អូនជនពិការធ្វើ នៅតាមទីកន្លែងសមរម្យ ដើម្បីជីវភាពថ្លៃថ្នូរប្រសើជាងនេះ។ ការសម្រេចមិនអនុញ្ញាតឲ្យបងប្អូនជនពិការប្រគុំតន្រ្តីនៅតាមភ្លើងស្តុបនេះ ធ្វើឡើងនាកិច្ចប្រជុំមួយរវាង ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីមួយចំនួនផងដែរ នៅសាលារាជធានីភ្នំពេញ។
ក្នុងជំនួបនេះដែរ ឯកឧត្តម ឯម ច័ន្ទមករា បានជម្រាបជូន ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ថាបច្ចុប្បន្នក្រុមតន្រ្តីជនពិការដែលតែងតែប្រគុំនៅតាមទីសាធារណៈមានចំនួនចន្លោះពី១២ ទៅ២០ក្រុម ដែលក្រុមខ្លះមានការចុះបញ្ជីការជាផ្លូវការជាមួយក្រសួងមហាផ្ទៃទទួលស្គាល់ជាសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលជួយក្នុងវិស័យពិការភាព ឯក្រុមខ្លះមិនមានការចុះបញ្ជីជាផ្លូវការអ្វីនោះទេ។ មូលហេតុដែលក្រុមតន្រី្តជនពិការទៅប្រគុំតន្រ្តីនៅតាមភ្លើងស្តុបនានាក្នុងរាជធានីភ្នំពេញ ដើម្បីរ៉ៃប្រាក់អង្គាសជួយទ្រទ្រង់សមាគមន៍ ឬជីវភាពរបស់បងប្អូនជនពិការនោះដោយសារ បងប្អូនមិនមានជំនាញអ្វីច្បាស់លាស់ក្រៅពីការប្រគុំតន្រ្តី ម៉្យាងជីវភាពគ្រួសារក៏មានកំរិត ហើយដែលពីមុនក្រុមតន្រ្តីជនពិការទាំងនោះតែងតែប្រគុំនៅតាមទីសាធារណៈ ដូចជានៅតាមរោងចក្រ មុខវត្ត និង ផ្សារនានាក្នុងរាជធានីភ្នំពេញ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានគាំទ្រចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញ ករណីមិនអនុញ្ញាតឲ្យមានការប្រគុំតន្រ្តីតាមទីសាធារណៈព្រោះថា ជាការជះឥទ្ធិពលមិនល្អដល់កិត្តិយសជនពិការដ៏ទៃទៀតដែលមានចំណេះវិជ្ជា ហើយរកការងារធ្វើបានសមរម្យ ម្យ៉ាងអាចធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ រំខានដល់ភ្ញៀវទេសចរណ៍ និងអាចកកស្ទះចរាចរជាដើម។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងធ្វើការកោះប្រជុំជាមួយក្រុមតន្រ្តីជនពិការទាំងអស់ឲ្យយល់អំពីគុណតំលៃនិងសិក្សាអំពីតម្រូវការចាំបាច់ ដើម្បីមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាជូនជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា ក៏បានឲ្យដឹងថា កន្លងមកមានឈ្មួញ នៅពីក្រោយខ្នងក្រុមតន្រ្តីជនពិការ ដែលឈ្មួញទាំងនោះជាជនមិនពិការផង និងជនពិការផង ព្រមទាំងជាម្ចាស់ជួលឧបករណ៍តន្រ្តី ដែលបាននិងកំពុងប្រើបា្រស់រូបភាពឲ្យក្រុមតន្រ្តីជនពិការ សម្តែងនៅតាមទីសាធារណៈដើម្បីរ៉ៃអង្គាសប្រាក់យកទៅឲ្យពួកគេជាថ្នូរនៃកម្រៃពី ៨០.០០០រៀល ទៅ១០០.០០០រៀលក្នុងមួយថ្ងៃ ទៅឲ្យជនពិការម្នាក់ៗដែលបានប្រគុំតន្រ្តីនៅទីតាំងនីមួយៗ។ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងថា ឯកឧត្តមនិងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនណាដែលកំពុងធ្វើសកម្មភាពក្នុងរូបភាពបែបនេះ ព្រោះថាជាការកេងប្រវ័ញ្ចលើជនពិការ ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស បានបញ្ជាក់អំពីគោលជំហរមិនអនុញ្ញាតឲ្យមានការប្រគុំតន្រ្តីរបស់ជនពិការនៅតាមទីសាធារណៈនោះទេ ដោយឯកឧត្តមយល់ថាមិនចង់ឲ្យជនពិការក្លាយទៅជាជនរងគ្រោះ ហើយដែលយើងត្រូវរកដំណោះស្រាយឲ្យបានល្អដើម្បីជួយដល់ជនពិការទាំងនោះ តាមរយៈការជួយរកការងារសមរម្យឲ្យជនពិការបានធ្វើ ការដាក់ចេញនូវគោលការណ៍ឲ្យសាលាខណ្ឌ សាលាសង្កាត់ ចុះសិក្សាដោយផ្ទាល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការ ហើយយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យជនពិការមានអារម្មណ៍កក់ក្តៅ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានប្តេជ្ញាធ្វើជាគំរូក្នុងការជ្រើសរើសជនពិការឲ្យមកបម្រើការនៅសាលារាជធានីភ្នំពេញ ជាពិសេសនៅការរិយាល័យច្រកចេញចូលតែមួយរបស់សាលារាជធានីភ្នំពេញ ហើយ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានស្នើដល់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ជូនទិន្នន័យឬបញ្ជីឈ្មោះរបស់ក្រុមតន្រ្តីជនពិការ មកសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាបងប្អូនជនពិការ ហើយសាលារាជធានីភ្នំពេញ ធានាទទួលយកទៅបណ្តុះបណ្តាល និងជួយស្វែងរកការងារឲ្យបានសមរម្យជូនបងប្អូនជនពិការ។ ក្នុងករណីជនពិការខ្វះកន្លែងស្នាក់នៅសាលារាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់សាលារាជធានីភ្នំពេញទៀតផង។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានបង្ហាញឆន្ទៈថា ឯកឧត្តមក៏ចង់ឃើញពីការពង្រីកសមត្ថភាពក្រុមតន្រ្តីផងដែរ។ បន្ទាប់ពីការជួសជុលរោង អាយ៉ៃ នៅរមនីយដ្ឋានវត្តភ្នំរួច ឯកឧត្តមក៏មានគម្រោងអនុញ្ញាតឲ្យក្រុមតន្រ្តីជនពិការធ្វើការប្រគុំ នៅទីនោះរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ។
ក្នុងជំនួបរវាងឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានឯកភាពបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលធ្វើកិច្ចសហការណ៍ និងដោះស្រាយបញ្ហាជូនជនពិការបានទាន់ពេលវេលា។