កិច្ចប្រជុំបណ្តាញអង្គការជនមានពិការភាព (OPDs Network Meeting) ដើម្បីផ្តល់បទបង្ហាញអំពី ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ (NDSP3)
ចុះផ្សាយ: ថ្ងៃទី13 ខែ02 ឆ្នាំ2025
រាជធានីភ្នំពេញ៖ នារសៀសថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស្រី ចាន់ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ អញ្ជើញចូលរួមប្រជុំនិងធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ដែលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការដោយ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្ដរជាតិ លើកទី៤២ នៅសាលមហោស្រពកោះពេជ្រ។
កិច្ចប្រជុំនេះធ្វើឡើងនៅការិយាល័យអង្គកាសហប្រជាជាតិសិទ្ធិមនុស្ស នៃការិយាល័យឧត្តមស្នងការកម្ពុជា ដែលមានការអញ្ជើញចូលរួមពីតំណាងអង្គការ UNDP, ADD, ACCESS, Krousar Thmey, HI, PPCIL, CTRO, AYDD, CDPO និង DDP។
កិច្ចប្រជុំបណ្តាញ OPDs រៀបចំក្នុងគោលបំណង÷
១. ដើម្បីជំរុញការយល់ដឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាស្តីពីពិការភាព រួមទាំងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាពនេះឱ្យមានប្រសិទ្ធភាពដល់ ថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធ
២. លើកកម្ពស់ការចូលរួមពេញលេញប្រកបដោយអត្ថន័យរបស់ជនមានពិការភាពនិងអ្នកតំណាងរបស់ពួកគាត់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ការអនុវត្ត និងការតាមដាននូវរាល់ផែនការសកម្មភាពនិងថវិការបស់ក្រសួង-ស្ថាប័ន និងអ្នកពាក់ព័ន្ធនានា
៣. ពង្រឹង និងពង្រីកការផ្តល់សេវាគាំទ្រ ឱកាស និងធនធាននានាសម្រាប់ជនមានពិការភាព គ្រួសារ និងសហគមន៍ប្រកបដោយសមធម៌ គ្មានការរើសអើង និងបរិយាបន្ន។


