ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ «កម្មវិធីរត់ប្រណាំង ដើម្បីបរិស្ថានគ្មានពិការភាព»
នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយសហភាពសហ ព័ន្ធយុវជនកម្ពុជា និងក្រុមយុវជននៃក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនិតីសម្បទាន ដោយបានរៀបចំ «កម្មវិធីរត់ប្រណាំង ដើម្បីបរិស្ថានគ្មានពិការភាព» ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៧ និង ទិវាជនពិការអន្តរជាតិ លើកទី៣៣ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌល កំពង់ស្ពឺ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ថ្លែងនៅក្នុងពិធីនោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានបង្ហាញនូវភាពសប្បាយ និងការគាំទ្រយ៉ាងពេញទំហឹង «កម្មវិធីរត់ប្រណាំង ដើម្បី បរិស្ថានគ្មានពិការភាព» ដែលបានរៀបចំដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ សហភាពសហ ព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី បានបញ្ជាក់ថា នឹងឲ្យមានការរៀបចំកម្មវិធីរត់ប្រណាំងជារៀងរាល់ឆ្នាំ ហើយអាចធ្វើឡើងនៅមុន ថ្ងៃទិវាជនពិការ(ថ្ងៃ៣ធ្នូ)។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងថា កម្មវិធីនេះធ្វើឡើង ដើម្បីអបអរសាទរទិវាជនពិ ការកម្ពុជាលើកទី១៧ និងទិវាជនពិការអន្តរជាតិ លើកទី៣៣ ហើយការរត់ប្រណាំងនេះដើម្បីចង់បង្ហាញពីសមត្ថភាពរបស់ជនពិការ ដែលមានសមត្ថភាពអាចប្រកួតប្រជែង ជាមួយជនមិនពិការផងដែរ។ កម្មវិធីបានរៀបចំឲ្យមានលក្ខណៈងាយស្រួល ទោះបីជនពិការ ភ្នែកក៏អាចរត់ប្រណាំងបានផងដែរ។
លោកអគ្គលេខាធិការរូបនោះ បានបញ្ជាក់ថា កម្មវិធីរត់ប្រណាំង ដើម្បីបរិស្ថានគ្មានពិការភាព ក៏ដើម្បីបង្ហាញអំពីការយកចិត្តទុកដាក់ និងឆន្ទៈរបស់រាជរដ្ឋាភិបាល សហភាពសហព័ន្ធយុវជនកម្ពុជា សង្គមស៊ីវិលគ្រប់មជ្ឈដ្ឋាន ដល់បងប្អូនជនពិការកម្ពុជា ដោយគ្មានការ រើសអើង រួមទាំងការដាក់បញ្ចូលការងារពិការភាពទៅក្នុងសកម្មភាពអភិវឌ្ឍសង្គមលើគ្រប់វិស័យ។
កម្មវិធីនេះមានសរុបចំនួន៧វិញ្ញាសា៖ ដោយវិញ្ញាសាទី១៖ ប្រណាំងរទេះជនពិការជាបុរស និងនារី, ទី២៖ រត់ប្រណាំងជនពិការជើង ក្រោមជង្គង់ ជាបុរស និងនារី, ទី៣៖ រត់ប្រណាំងជនពិការដៃបុរស និងនារី, ទី៤៖ រត់ប្រណាំងជនពិការជើងលើជង្គង់បុរស និងនារី, ទី៥៖ រត់ប្រណាំងជនពិការភ្នែកបុរស និងនារី, ទី៦៖ រត់ប្រណាំងជាលក្ខណៈសាមគ្គី អ្នកចូលរួមទូទៅ និងទី៧៖ រត់ប្រណាំងរបស់ជន ពិការខ្សោយសតិបញ្ញា។
ពិធីនេះបានអញ្ជើញការចូលរួមរត់ប្រណាំង ពីសំណាក់ជនពិការ យុវជន សិស្ស និសិ្សត មន្ត្រីរាជការតាមក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូត អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ២០០០នាក់។
កម្មវិធីនេះមានការចូលរួមឧបត្ថម្ភពីក្រុមហ៊ុន KTH (Nokia), ក្រុមហ៊ុន CAM Home, អង្គការ Life for the world និងសប្បុរជនជាតិ និងអន្តរជាតិ ទាំងក្នុង និងក្រៅប្រទេស៕