ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវម្ចាស់ក្លិបជួលតារាងបាល់ទាត់ទាំងអស់យោគយល់បញ្ចុះ តម្លៃពិសេសដល់ជនពិការ ដើម្បីធានាថា ជនពិការអាចមានទីកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡាដូចជនមិនពិការ
ឯកឧត្តម ឯម ច័ន្ទមករា បានអំពាវនាវម្ចាស់ក្លិបជួលតារាងបាល់ទាត់ទាំងអស់យោគយល់បញ្ចុះ តម្លៃពិសេសដល់ជនពិការ ដើម្បីធានាថា ជនពិការអាចមានទីកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡាដូចជនមិនពិការ។
ថ្លែងក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់កុមារពិការខ្សោយសតិបញ្ញា និងអូទីស្សឹ នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៦ នៅក្លឹបកីឡា Champions ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងជំនឿរបស់ខ្លួនថា ជនពិការគ្រប់រូបនឹងមិនត្រូវបានសង្គមមើលរំលង ហើយការរើសអើងចំពោះជនពិការ ក៏នឹងត្រូវបានកាត់បន្ថយបន្ថែមទៀត! លោកក៏បានអំពាវនាវឲ្យម្ចាស់ក្លិបជួលតារាង បាល់ទាត់ទាំងអស់ យោគយល់ជួយបញ្ចុះតម្លៃពិសេសដល់ជនពិការ ដើម្បីធានាថា ជនពិការអាចមានទីកន្លែងសម្រាប់ហ្វឹកហាត់ និងប្រកួតកីឡា ដូចជនមិនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់ជនពិការដែលមានលទ្ធភាពដណ្តើមជ័យលាភីក្នុងការចូលរួមប្រកួតប្រជែងមុខជំនាញនិងការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិក ជាលក្ខណៈជាតិនិងអន្តរជាតិ។
ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជនពិការត្រូវ លើកទឹកចិត្តយ៉ាងខ្លាំងក្នុងវិស័យកីឡា ដូចជាប្រកួតប្រជែងកីឡាស៉្បេស្យាល់អូឡាំពិក ហើយថ្មីៗនេះកីឡាករជនពិការកម្ពុជា នាំយកមេដាយ៩គ្រឿងពីព្រឹត្តិការណ៍ Asean Para Games ដែលនេះគឺជាមោទនភាពខ្ពស់សម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្រាប់ជនពិការផ្ទាល់។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ក៏បានថ្លែងការលើកទឹកចិត្តដល់កុមារ និងយុវជនខ្សោយសតិបញ្ញា និងអូទីស្សឹមទាំងអស់ឲ្យខិតខំបញ្ចេញទេពកោសល្យ ក៏ដូចជាសមត្ថភាពរបស់ជនពិការ ដើម្បីបង្ហាញដល់សាធារណៈជនឲ្យដឹងកាន់តែច្បាស់អំពីតំលៃរបស់ជនពិការ។ សិទ្ធិរបស់ជនពិការត្រូវបានធានាដោយច្បាប់ផ្អែកលើមូលដ្ឋានស្មើភាពគ្នាជាមួយអ្នកដទៃ ហើយរាជរដ្ឋាភិបាលគាំទ្រសកម្មភាពនានាទាំងផ្នែកកីឡា ការលំហែ និងការកំសាន្តរបស់ជនពិការ។
គួរបញ្ជាក់ផងដែលថា កាលពីខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ធ្លាប់បានរៀបចំកម្មវិធីរត់ប្រណាំងរួមបញ្ចូលគ្នាដើម្បី បរិដ្ឋានគ្មានពិការភាព ដែលជាសមទ្ធិផលថ្មីមួយទៀតនៃវិស័យពិការភាព ក្នុងគោលបំណងបង្ហាញ ពីភាពគ្មានការរើសអើងរបស់សង្គមកម្ពុជាចំពោះជនពិការគ្រប់រូប និងក៏ជាការលើកទឹកចិត្ត ដល់បងប្អូនជនពិការក្នុងការចូលរួមសកម្មភាពសង្គមដោយឥតស្ទាក់ស្ទើរ។