ប្រតិភូកម្ពុជាចូលរួមសន្និសីទរដ្ឋជាភាគីអនុសញ្ញា ស្តីពីសិទ្ធិជនពិការ នៅអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក
សន្និសីទលើកទី៩ នៃរដ្ឋជាភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នៅបុរីញ៉ូយក សហរដ្ឋអាមេរិក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០១៦។
សន្និសីទនេះមានការចូលរួមពីបណ្តាមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលនានាលើពិភពលោក សរុបចំនួនប្រមាណ១៦០ប្រទេស ក្នុងនោះគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម សែម សុខា រដ្ឋលេខាធិការ តំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានការចូលរួមពីអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា និងមន្ត្រីពាក់ព័ន្ធក្នុងវិស័យពិការភាព ព្រមទាំងលោក ទុយ រី អគ្គរាជទូតតំណាងអចិន្ត្រៃយ៍ នៃស្ថានបេសកកម្មកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នេះផងដែរ។
ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ប្រធានបទនៃសន្និសីទលើកទី៩ នៃរដ្ឋជាភាគីអនុសញ្ញា ស្តីពីសិទ្ធិជនពិការ នេះគឺ «ការអនុវត្តរបៀបវារៈអភិវឌ្ឍឆ្នាំ ២០៣០ សម្រាប់ជនពិការ៖ គ្មាននរណាម្នាក់ត្រូវបានទុកចោល!» ដោយផ្តោតលើគោលបំណងចំនួន៤រួមមាន៖ ទី១. ការលុបបំបាត់ភាពក្រីក្រ និងអសមភាពសម្រាប់ជនពិការ ទី២. កិច្ចការពារសិទ្ធិជនពិការផ្នែកផ្លូវចិត្តនិងសតិបញ្ញា ទី៣.ជំរុញការទទួលបានព័ត៌មាន, បច្ចេកវិទ្យា និងការអភិវឌ្ឍបញ្ចូលគ្នា និងទី៤. អបអរសាទរខួបលើកទី១០ នៃការអនុម័តអនុសញ្ញាសិទ្ធិជនពិការ។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ផងដែរថា ព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១២ និងបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣។ ក្រៅពីអនុសញ្ញាសិទិ្ធជនពិការ កម្ពុជាក៏ប្រទេសហត្ថលេខី នៃទស្សវត្សជនពិការប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក យុទ្ធសាស្ត្រអ៉ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត»។ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាព ជនពិការ ឯកឧត្តម ឯម ច័ន្ទមករា បានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យប្រើច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជន នៅឆ្នាំ២០០៩ និងបានប្រកាសដាក់ឲ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលនេះគឺជាការបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ចំពោះកិច្ចគាំពារ និងលើកកម្ពស់សុខមាលភាព របស់ជនពិការគ្រប់រូបនៅកម្ពុជា។
បើតាមការឲ្យដឹងពីឯកឧត្តម ឯម ច័ន្ទមករា ពីទីក្រុងញ៉ូយក គឺតំណាងព្រះរាជាណាចក្រកម្ពុជា និងត្រូវធ្វើសេចក្តីថ្លែងការណ៍អំពីកាលានុវត្តភាព នៃវិស័យពិការភាពនៅកម្ពុជា ដោយឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ។ ដោយឡែកអគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ក៏នឹងត្រូវឡើងធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍អំពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅប្រទេសកម្ពុជា ក្នុង Side Event ផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងសន្និសីទលើកទី៩នេះ ក៏មានការបោះឆ្នោតជ្រើសរើស សមាជិកថ្មី នៃគណៈកម្មាធិការសិទ្ធិជនពិការនៃ អង្គការសហប្រជាជាតិ សម្រាប់អាណត្តិថ្មីឆ្នាំ២០១៧-២០១៩ ផងដែរ។ យោងតាមមាត្រា ៣៤ នៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ គឺរដ្ឋជាភាគីបានបោះឆ្នោត ជ្រើសរើសសមាជិការគណៈកម្មាធិការថ្មីបានចំនួន៩រូប មកពីប្រទេសអារ៉ាប់ប៊ីសាវាឌីត, ព្រះរាជាណាចក្រថៃ, ប្រទេសទុយនេស៊ី, ជប៉ុន, កេនយ៉ា, ហុងគ្រី, ណូវ៉េលស៊ីឡង់, អ៊ុយហ្គេនដា និងសហភាពសូវៀត៕