កិច្ចប្រជុំអន្តរក្រសួងស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ
សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ ត្រូវបានលើកមកពិនិត្យឆ្លងសម្រេច នៅពេលដ៏ខ្លីខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជានឹងដាក់ឲ្យអនុវត្តនូវលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធការរៀប ចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ជនពិការ តាមរយៈប្រកាសអន្តរក្រសួង រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តាមរយៈកិច្ច ពិគ្រោះយោបល់ជាមួយបណ្តាលក្រសួងពាក់ព័ន្ធ សង្គមសុីវិលពិសេសជនពិការនោះ ត្រូវបានលើកមក ពិនិត្យឆ្លងសម្រេចក្នុងកម្រិតក្រុមការងារបច្ចេកទេសជាន់ខ្ពស់នៅ រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ដោយមាន ការចូលរួមពីឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ទិត្យ ច័ន្ទតារីន អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការ នៃក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ និងតំណាងមន្ត្រីពាក់ព័ន្ធនៃក្រសួងទាំងពីរ។
តាមការឲ្យដឹងពីឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាព ជនពិការថា រៀបចំប្រកាសអន្តរក្រសួងនេះ ដែលមានទិសដៅកសាងនូវ គោលការណែនាំមួយជាក់លាក់របស់រាជដ្ឋាភិបាលអំពីការបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការស្រប តាមជំពូក៥ នៃច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ចំពោះទីកន្លែងសាធារណៈទាំងឡាយណា ដែលបានសាងសង់មុន ច្បាប់នេះចូលជាធរមាន ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូរ រយៈពេល ៥ឆ្នាំ ដើម្បីឲ្យជនពិការមានលក្ខណៈងាយស្រួលចេញ-ចូលបាន។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ។
អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ឯកឧត្តម ឯម ច័ន្ទមករា ប្រកាសនេះមាន គោលបំណងរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តឲ្យមានលក្ខណៈងាយស្រួលដល់ជនពិការគ្រប់ប្រភេទអាចចល័ត ទីចេញចូលនិងប្រើប្រាស់ដោយងាយស្រួល ប្រកបដោយសុវត្ថិភាព និងគ្មានឧបសគ្គ ដូចជានៅតាមទីកន្លែង សាធារណៈ គ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន នៅទូទាំងព្រះរាជណាចក្រកម្ពុជា ។
ឯកឧត្តម ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា ប្រកាសនេះ មានគោលដៅបង្កើតស្តង់ដាអប្បបរិមា មួយជាក់លាក់ និងច្បាស់លាស់ក្នុងការរៀបចំកែសម្រួល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្ក លក្ខណៈងាយស្រួលដល់ជនពិការអាចចេញចូល និងប្រើប្រាស់បាន។
ទីកន្លែងសាធារណៈ ទាំងឡាយណាដែលបានសាងសង់មុនច្បាប់ នេះចូលជាធរមាន ហើយមិនទាន់បានរៀបចំចំណតយានយន្តពិសេសសម្រាប់ជនពិការ បន្ទប់អនាម័យ ហើយដែលមានលទ្ធភាពត្រូវរៀបចំកែសម្រួលទីកន្លែងសាធារណៈនោះយ៉ាងយូររយៈពេល៥ឆ្នាំ។ ក្រៅពីនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំលក្ខណៈងាយស្រួលលើមធ្យោបាយដឹកជញ្ជូនផ្សេងៗសម្រាប់ជនពិការ ព្រមទាំងការផ្តល់ប័ណ្ណបើកបរយានយន្ត និងការកំណត់ប្រភេទយានយន្តសម្រាប់ជនពិការ ដែលចំនុចនេះគឺត្រូវកំណត់ដោយប្រកាស អន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម លឹម វាន់ រដ្ឋលេខាធិការក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្វាគមន៍ចំពោះការ រៀបចំសេចក្តីព្រាងប្រកាសស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់ជនពិការ ហើយបានស្នើដល់ក្រុមការងារសកម្មភាពជនពិការនៃក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ សហការជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពិនិត្យទម្រង់ប្រកាសអន្តរក្រសួងនេះឲ្យស្របតាមគោលការណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងជំរុញឲ្យក្រុមការងារនៃក្រសួងទាំងពីរកែសម្រួលចំនុចមួយចំនួនតាមស្មារតីអង្គប្រជុំ ដើម្បីរៀបចំសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរឲ្យបានឆាប់រហ័យ។