ឯកឧត្តម ឯម ច័ន្ទមករា ក្រើនរំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជនមានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្រនៅតាមសហគមន៍
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិការភាពរបស់ក្រសួងឯកឧត្តម ឯម ច័ន្ទមករា បានក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ដល់ជនមានពិការភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬបុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។
ឯកឧត្តម ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងចង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច និងដើម្បីផ្សព្វផ្សាយអំពីការបែកចែងតួនាទីនិងភារកិច្ចរបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងវិស័យពិការភាពសំដៅពង្រឹងដល់កិច្ចគាំពារជនមានពិការភាពនៅកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានណែនាំដល់មន្ត្រីជំនាញដើម្បីបង្កើតក្រុមការងារតាមដានទៅលើការងារវិស័យពិការភាពទៅ ពិសេសតាមដាន Comments ក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វេសបុក ឬគេហទំព័ររបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានោះឯកឧត្តមប្រធានកិច្ចការវិស័យពិការភាពក៏បានស្នើឱ្យមានកិច្ចសហការក្នុងការរៀបចំផែនការរយៈពេល ៩០ថ្ងៃ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ។
ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា បានរំលឹកពីការយកចិត្តទុកដាក់ចំពោះការបើកផ្តល់ប្រាក់របបជួយដល់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគិតគូរពីផលប្រយោជន៍ជនមានពិការភាព។ ជាមួយគ្នានេះ ចំពោះការបង់ភាគទាន ឬប្រាក់ពិន័យពីការអនុវត្តការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ពិសេសឯកឧត្តមរដ្ឋមន្ត្រី។
ពាក់ព័ន្ធបញ្ហារទេះ និងគ្រឿងឧបករណ៍សម្រាប់ជួយជនមានពិការភាព ឯកឧត្តមរដ្ឋលេខាធិការ ឯម ច័ន្ទមករា ថាយើងពុំទាន់បានមានឧបករណ៍និងសម្ភារៈផ្គត់ផ្គង់គ្រប់គ្រាន់នៅទ្បើយ ដូច្នេះឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យជំនាញគិតគូរពិនិត្យលើបញ្ហាទាំងអស់នេះ៕