សេចក្តីណែនាំស្តីពីការអនុវត្តការផ្តល់ព័ត៌មាន និងសេវាផ្សេងៗតាមគ្រប់ទម្រង់ ដែលជនពិការអាចទទួល និងប្រើប្រាស់បាន
ចុះផ្សាយ: ថ្ងៃទី11 ខែ10 ឆ្នាំ2025
ក្នុងនាមអង្គភាពជំនាញ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្នុងនាមជនមានពិការភាពគ្រប់ប្រភេទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានអនុវត្តអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ នាឱកាសកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្រ្តីក្នុងរបៀបវារ:ទី៦ការអនុម័តរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ (ខ្លឹមសារអនុសាសន៍ទាំងស្រុងមាននៅខាងក្រោម)។ សូមអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានដាក់ចេញសេចក្តីជូនដំណឹងដល់នីតិបុគ្គលសាធារណ:និងឯកជនទាំងអស់ដែលបាននិងកំពុងផ្តល់សេវាព័ត៌មាន ដើម្បីឱ្យជនមានពិការភាពគ្រប់ប្រភេទជាពិសេសជនមានពិការភាពគ-ថ្លង់ និងពិការភាពភ្នែកទទួលព័ត៌មានបានដូចមនុស្សទូទៅ។ ប្រសិនបើសេចក្តីជូនដំណឹងនេះត្រូវបានអនុវត្តដោយអ្នកផ្តល់សេវាព័ត៌មានទាំងអស់ទាំងរដ្ឋនិងឯកជន នោះជនមានពិការភាពគ្រប់ប្រភេទពិតជាទទួលបានព័ត៌មានគ្រប់ៗគ្នាមិនខាន។ អនុសាសន៍ទាំងស្រុង÷ ៦- ដើម្បីជំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា ឱ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៖ ៦.១-ប្រគល់ភារកិច្ចជូនឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ គោលនយោបាយជាតិនិងអន្តរជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទនិងគ្រប់កម្រិត។ ៦.២- ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តជួយសហការគាំទ្រដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ ការរក្សាបានទេពកោសល្យនិងការច្នៃប្រឌិតរបស់ជនមានពិការភាព ដែលជាធនធានដ៏សំខាន់មិនអាចខ្វះបាន ស្របតាម ទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។ ៦.៣-ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ក្នុង ការលើកកម្ពស់សិទ្ធិជនមានពិការភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមានពិការភាព ព្រមទាំងការធានាសុខុមាលភាពសង្គមគ្រប់ជាន់ថ្នាក់ និងការយកចិត្តទុកដាក់ ប្រកបដោយសមធម៌ បរិយាបន្ន និងគ្មានការរើសអើង។ ៦.៤- ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងវិស័យឯកជន ត្រូវបន្តផ្តល់ការលើកទឹកចិត្តជូនដល់ជនមានពិការភាពដែលមានលក្ខណសម្បត្តិនិងសមត្ថភាព ដើម្បីបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ ១០៨ អនក្រ. បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។ ៦.៥-ប្រគល់ភារកិច្ចជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំ ដល់គ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាព គ ថ្លង់ អាចទទួលបានព័ត៌មានទាន់ពេលវេលា។