ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព
ចុះផ្សាយ: ថ្ងៃទី26 ខែ09 ឆ្នាំ2025
ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្ដិភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី (វិមានសន្ដិភាព)៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិភាក្សា និងឆ្លងលើរបៀបវារ:ចំនួន៧ ក្នុងនោះ នៅរបៀបវារៈទី៦ ក៏បានពិភាក្សា និងឆ្លងសេចក្តីព្រាងរបាយការណ៍ដំបូងស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជាផងដែរ ហើយរបាយការណ៍នេះផងដែរ នឹងត្រូវបញ្ជូនទៅអង្គការសហប្រជាជាតិ UN។ ក្នុងឱកាសនេះផងដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការបានផ្តល់អនុសាសន៍ថា ដើម្បីជំរុញការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា ឱ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់ដូចខាងក្រោម៖ ១-ប្រគល់ភារកិច្ចជូនឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តជំរុញការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០២៤-២០២៨ ច្បាប់ស្តីពីកិច្ចការពារនិងលើក កម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ គោលនយោបាយជាតិនិងអន្តរជាតិនានា ដើម្បីជាឧត្តមប្រយោជន៍ដល់បងប្អូនជនមានពិការភាពគ្រប់ប្រភេទនិងគ្រប់កម្រិត។ ២- ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តជួយសហការគាំទ្រដល់ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង មូលនិធិជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ ការរក្សាបានទេពកោសល្យនិងការ ច្នៃប្រឌិតរបស់ជនមានពិការភាព ដែលជាធនធានដ៏សំខាន់មិនអាចខ្វះបាន ស្របតាម ទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។ ៣-ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ត្រូវបន្តយកចិត្តទុកដាក់ក្នុង ការលើកកម្ពស់សិទ្ធិជនមានពិការភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរបស់ជនមាន ពិការភាព ព្រមទាំងការធានាសុខុមាលភាពសង្គមគ្រប់ជាន់ថ្នាក់ និងការយកចិត្តទុកដាក់ ប្រកបដោយសមធម៌ បរិយាបន្ន និងគ្មានការរើសអើង។ ៤- ប្រគល់ភារកិច្ចជូនរដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន និងវិស័យឯកជន ត្រូវបន្ត ផ្តល់ការលើកទឹកចិត្តជូនដល់ជនមានពិការភាព ដែលមានលក្ខណសម្បត្តិនិងសមត្ថភាព ដើម្បីបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើង ដូចមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យលេខ១០៨ អនក្រ. បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។ ៥- ប្រគល់ភារកិច្ចជូនឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំ ដល់គ្រប់ស្ថានីយ៍វិទ្យុនិងទូរទស្សន៍របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធសារព័ត៌មាន ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីជនមានពិការភាព គ ថ្លង់ អាចទទួលបានព័ត៌មានទាន់ពេលវេលា។











